(ភ្នំពេញ)៖ រមណីដ្ឋានធម្មជាតិ ឋានសួគ៌ត្រាវកុដ ស្ថិតក្នុងឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្ដសៀចមរាប ត្រូវបានគេកត់សំគាល់ឃើញថា មានភ្ញៀវទេសចរទៅកំសាន្ដពី៥០ម៉ឺននាក់ ទៅ៦០ម៉ឺននាក់ក្នុងមួយឆ្នាំ។

អគ្គនាយកក្រុមហ៊ុន ប៊្លូស្កាយ ដែលបានអភិវឌ្ឍន៍នៅតំបន់ទេសចរណ៍ធម្មជាតិ ត្រាវកុដ លោក នួន អក បានថ្លែងបែបនេះនៅក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ បុរីឋានសួគ៌ត្រាវកុដ ស្ថិតនៅភូមិក្រពើ ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។

លោកបានបន្ដទៀតថា រមណីដ្ឋាធម្មជាតិត្រាវកុដ មានភ្ញៀវទេសចរប្រមាណពី៥០ម៉ឺនទៅ៦០ម៉ឺននាក់ ក្នុងមួយក្នុងឆ្នាំ បានទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិត្រាវកុដនេះ ហើយអាចឈានទៅដល់ មួយលាននាក់នៅឆ្នាំក្រោយៗទៀត។ ការទាក់ទាញអ្នកទេសចរច្រើនបែបនេះ ដោយសាររមណីយដ្ឋានឋានសួគ៌ត្រាវកុដនេះ ជាតំបន់ទេសចរណ៍ដ៍សំខាន់ ដែលមានបឹងប្រវត្ដិសាស្ដ្រមួយ មានទឹកហូធ្លាក់ចេញពីលើភ្នំគូលេនជារៀងរាល់ថ្ងៃ។

ជាមួយគ្នានោះដែរ តំបន់ទេសចរណ៍នោះបានបង្កើតឲ្យ មានមុខរបរដល់ប្រជាសហគមន៍ ឲ្យមានជីវភាពកាន់តែប្រសើរឡើង ដែលធ្វើប្រជាពលរដ្ឋកាត់បន្ថយការ ធ្វើចំណាកស្រុកផងដែរ។ លោកបញ្ជាក់បន្ដថា ក្រុមហ៊ុនរបស់លោក និងធ្វើឲ្យតំបន់ទេសចរណ៍មួយនេះ មានភាពកាន់តែប្រើឡើង ដូចជាការអភិវឌ្ឍភូមិធម្មជាតិឲ្យក្លាយ ជាភូមិដូចឋានសួគ៌នាពេលអនាគត។

លោក អ៊ូ បញ្ញា ប្រធានសហគមន៍រមណីយដ្ឋាន ទេសចរណ៍ធម្មជាតិត្រាវកុដ បានថ្លែងដែរថា រមណីដ្ឋានឋានសួគ៌ត្រាវកុដ មានទំំផ្ទៃហំដីប្រមាណជាង៦០ហិកតា និងបានបង្កើតឡើងនៅឆ្នាំ២០១៣។ តំបន់នោះ មានផ្លូវប្រសព្វរវាងប្រាសាទអង្គរ ទឹកជ្រោះភ្នំគួលេន ប្រាសាទបឹងមាលា និងគម្រោងអភីវឌ្ឍន៍ថ្មី នៃព្រលានយន្ដហោះអន្ដរជាតិខេត្ដសៀមរាប ផងដែរ។

ជាមួយគ្នានោះ ក៏មានប្រជាពលរដ្ឋរស់នៅប្រមាណ១ម៉ឺននាក់ ដែលស្នើ៦០ភូមិ។ រមណីដ្ឋាននេះរំលេចដោយទេសចរណ៍ធម្មជាតិ នៃព្រឹក្សានៅតាមជួរភ្នំគូលេនផងដែរ។

ប្រធានសហគមន៍រូបនោះបានបន្ដទៀតថា ស្របពេលដែលមានភ្ញៀវទេសចរ ទៅទស្សនារាប់ម៉ឺននាក់ក្នុងមួយឆ្នាំ សហគម៍រមណីដ្ឋានត្រាវកុដ បានបង្កើតមុខរបរដល់ប្រជាពលរដ្ឋជាង១ម៉ឺននាក់កន្លងមក តាមរយៈការលក់មាន់ស្រែ បន្លែធម្មជាតិ ពោលគឺផលិតផលធម្មជាតិពីប្រជាសហគមន៍នៅតំបន់នោះ។ ជាមួយគ្នានោះ សហគមន៍ទេសចរណ៍គ្រោងអ្នកជំនាញផ្នែកធ្វើម្ហូប ដើម្បីបង្រៀនដល់សហគមន៍ ឲ្យចេះធ្វើម្ហូបមានអនាម័យ គុណភាពផងដែរ៕