(ភ្នំពេញ)៖​ ចៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មកពីគណបក្សសង្គ្រោះជាតិលោក វ៉ា សារិន ត្រូវបានប្រជាពលរដ្ឋចោទថា អនុញ្ញាតឲ្យគេសង់រោងនៅលើដីចំណីប្រឡាយ ទួលសំពៅ ទាំងខុសច្បាប់ដែលជាការរំលោភបំពានទៅលើ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងភូមិក្រាំងពង្កង់២ ខណ្ឌសែនសុខ។

ប៉ុន្ដែសកម្មភាពល្មើសច្បាប់ខាងលើនេះ ត្រូវបានអភិបាលខណ្ឌសែនសុខលោក ប៉ិល កុសល បញ្ជាឲ្យកម្លាំងសណ្ដាប់ធ្នាប់ចុះទៅវាយបំផ្លាញចោល មិនឲ្យកើតមានឡើងនូវសំណង់ ខុសច្បាប់ នៅលើដីប្រឡាយយ៉ាងដូច្នេះទៀតឡើយ។

មន្ដ្រីសាលាខណ្ឌសែនសុខ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ក៏ដូចជាការ ផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Facebook ដែលចៅសង្កាត់ក្រាំងធ្នង់ មកពីគណបក្សសង្គ្រោះជាតិ ឲ្យសកម្មជនរបស់ខ្លួនសង់រោងនៅលើចំណីប្រឡាយទួលសំពៅ ដែលជាប្រឡាយដ៏មានសារសំខាន់ ក្នុងការរំដោះទឹកដោះ លោកអភិបាលខណ្ឌ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានបញ្ជាឲ្យកម្លាំងសណ្ដាប់ធ្នាប់ចុះទៅរុះរើ និងវាយបំផ្លាញចោល គឺដាច់ខាតមិនអនុញ្ញាតឲ្យមានទង្វើខុសច្បាប់បែបនេះ កើតឡើងតទៅទៀតនោះទេ។

មន្ដ្រីសាលាខណ្ឌសែនសុខ បានបញ្ជាក់ទៀតថា ពេលកម្លាំងសណ្ដាប់ធ្នាប់ចុះទៅរុះរើនោះ គឺមានរោងចំនួន២ ដែលសង់នៅលើចំណីប្រឡាយទួលសំពៅ ទាំងបំពានច្បាប់។

ជាមួយគ្នានេះ អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់បន្ថែមអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា លោកនឹងចាត់វិធានការទប់ស្កាត់ឲ្យខាងតែបាន ចំពោះសំណង់ខុសច្បាប់ ទាំងនេះដាច់ខាត មិនត្រូវឲ្យមានការសង់នៅលើចំណីប្រឡាយ ឬដីសាធារណៈរបស់រដ្ឋនោះឡើយ ពីព្រោះបើម្នាក់សង់បាននោះ អ្នកថ្មីនឹងមកសង់ទៀត ដែលធ្វើឲ្យមានបញ្ហាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សង្គម សោភ័ណ្ឌភាព និងជាពិសេសនោះ ប៉ះពាល់ការរំដោះទឹកចេញពីទីក្រុងជាក់ជាមិនខានឡើយ។

លោកអភិបាលខណ្ឌ ប៉ិល កុសល ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះមន្ដ្រីទាំងឡាយណា ចំពោះចៅសង្កាត់ទាំងឡាយណា​ ដែលពាក់ព័ន្ធទៅនឹងការអនុញ្ញាត ឲ្យសង់សំណង់ខុសច្បាប់ទាំងនេះ បើសិនជាលោកទទួលបាននឹងស្រាវជ្រាវឃើញមានឯកសារ ឬក៏ភ័ស្ដុតាងជាក់ស្ដែងណាមួយនោះ។

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅគណនី Facebook ឈ្មោះ ពលទោអភ័ព្វ បានចោទប្រកាន់ចៅសង្កាត់ក្រាំងធ្នង់ មកពីគណ​បក្សសង្គ្រោះជាតិដែលអនុញ្ញាត ឲ្យគេសង់រោង លើដីចំណីប្រឡាយទាំងខុសច្បាប់ ព្រមទាំងថា ពេលមេភូមិចុះទៅឃាត់ស្រាប់តែកូនប្រសារលោកចៅសង្កាត់ជេរមេភូមិថែមទៀតផង។

Facebook មួយនេះបានសរសេរយ៉ាងដូច្នេះថា «ចៅសង្កាត់គណបក្សសង្គ្រោះជាតិ សង្កាត់ក្រាំងធ្នង់ ឲ្យសកម្មជនខ្លួន ធ្វើរោងនៅដីចំណីប្រឡាយផ្លូវចូលភូមិក្រាំងអង្ក្រង២ ពេលភូមិចុះឃាត់ និងសួរនាំត្រូវបានកូនប្រសារបស់ខ្លួន ជេរម៉ារ៉ាយមេភូមិទៀត រីឯនៅភូមិសំរោងទាវ ឯណោះវិញ ក៏ចៅសង្កាត់សង្គ្រោះជាតិ ចុះហត្ថលេខាអនុញ្ញាតឲ្យឈ្មួញសង់ផ្ទះ២៥ល្វែងនៅ លើដងផ្លូវចូលភូមិ មិនដឹងជា បានលុយពីឈ្មួញរកស៊ីម៉ាននោះទេ បានជាមិនចេះគិតបែបនេះ នេះហើយសង្រ្គោះក្តិត»

យ៉ាងណាក៏ដោយអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ មិនទាន់អាចសុំការបកស្រាយពីចៅសង្កាត់ក្រាំងធ្នង់ លោក វ៉ា សារិន ចំពោះការចោទប្រកាន់ទាំងនេះទេ ដោយសារគ្មានលេខទំនាក់ទំនង៕