(ភ្នំពេញ)៖ ក្នុងពុទ្ធពិធីស្រោចស្រពសុគន្ធវារី ព្រះបញ្ញាតេជត្ថេរ ស៊ា ប៊ុនណាត ជាព្រះចៅអធិការ និងព្រះមន្រ្តីសង្ឃវត្តទួលទំពូង នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្នុងនាមជាអធិបតីចូលរួមផងនោះ បានអះអាងថា ព្រះពុទ្ធសាសនាមានអាយុ២៥៦១ឆ្នាំហើយ គិតត្រឹមឆ្នាំ២០១៧ ចំណែកព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ត្រូវបានលុបបំបាត់ចោលក្នុងរបបប្រល័យពូជសាសន៍ម្ដងហើយ តែបានរស់រានឡើងវិញជាលើកទី២ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាធ្លាប់បានដឹងហើយថា ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លាញខ្ទេចខ្ទីនូវហេដ្ឋារចនាសម្ព័ន្ធ កាប់សម្លាប់ប្រជាពលរដ្ឋ និងបំផ្លាញសង្គមជាតិស្ទើរតែរលាយសាបសូន្យយ៉ាងសាហាវព្រៃផ្សៃ សូម្បីតែវិស័យសាសនា ជំនឿ ទំនៀមទម្លាប់ ប្រពៃណីអ្វីទាំងអស់ ក៏ត្រូវបានបំផ្លាញ និងលុបបំបាត់ផងដែរ អ្នកណាជឿ អ្នកនោះត្រូវទទួលទោសទណ្ឌកម្មថែមទៀត។

លោកបន្តថា ក្នុងសម័យដ៏ខ្មៅងងឹងនោះ គេមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋសាងផ្នួសបួសជាសង្ឃឡើយ ឯព្រះសង្ឃគ្រប់អង្គ គ្រប់ជាន់ថ្នាក់វិញ ក៏ត្រូវចាប់ផ្សឹកទាំងអស់ផងដែរ ដើម្បីបញ្ជូនទៅធ្វើការជាទម្ងន់នៅតាមការដ្ឋាននានា។

លោកថ្លែងយ៉ាងដូច្នេះថា «ព្រះពុទ្ធជាម្ចាស់ ព្រះអង្គបានបង្កើតព្រះពុទ្ធសាសនា រយៈពេល២៥៦១ឆ្នាំ មកហើយ គិតត្រឹមឆ្នាំ២០១៧នេះ ប៉ុន្តែព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា បានលុបបាត់ទៅហើយ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្អីក៏គ្មានដែរ តែព្រះពុទ្ធសាសនាបានកើតឡើងក្នុងកំណើតទី២ ជាមួយប្រជាពលរដ្ឋយើង ក្រោយថ្ងៃ០៧ មករា ឆ្នាំ១៩៧៩»

លោកបានលើកឡើងពីស្ថានភាពបច្ចុប្បន្នថា ព្រះសង្ឃមានឱកាសទទួលបានការការអប់រំ ចាប់ពីថ្នាក់បឋម មធ្យម រហូតដល់ថ្នាក់ឧត្តមក្នុងប្រទេស រហូតដល់មានឱកាសទៅសិក្សានៅក្រៅប្រទេសថែមទៀតផង។ រីឯ ព្រះវិហារត្រូវបានសាងសង់ឡើងយ៉ាងប្រណិត កុដិក៏ធំទូលាយ និងស្រស់ស្អាតតាមរចនាបថខ្មែរ។

សូមជម្រាបថា វត្តអារាមនៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្ន មានចំនួនជាង៤,០០០វត្ត និងព្រះសង្ឃជិត ៧០,០០០ព្រះអង្គ ចំណែកក្នុងរាជធានីភ្នំពេញ មានវត្តអារាមចំនួន ១៤៩វត្ត និងព្រះសង្ឃ ៨,១៤៩ព្រះអង្គ៕