(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលបច្ច័យចំនួន ៣០០០ដុល្លារអាមេរិក ក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី​ ដើម្បី ទ្រទ្រង់សកម្មភាពសមាគមទ្រទ្រង់ ការបោះពុម្ព និងអប់រំ នៅវត្តឧណ្ណលោម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ច័យបុណ្យនេះ​ បាននាំយកមកប្រគេនដោយ​ លោក សំ​ វណ្ណារ៉ា​ នៅក្នុងពិធីបុណ្យ​ ដែលប្រព្រឹត្តទៅនៅវិហារ​ វត្តឧណ្ណាឡោម​ រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៧ ដែលរៀបចំឡើងដោយសមាគមទ្រទ្រង់ការបោះពុម្ព​ និងអប់រំ ក្រោមគំនិតផ្ដួចផ្ដើម របស់សម្ដេចព្រះពោធិវ័ង្ស អំ លីមហេង ព្រះសង្ឃនាយករងទី២ នៃកម្ពុជា និងលោក ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា។​

សូមបញ្ជាក់ថា សមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ ដែលដឹកនាំដោយ ព្រះមហា ហង្ស ច័ន្ទបូរី ព្រះមហា យឿន សុខនឿន និងព្រះមហា ពៅ ខ្លឹម បានចូលរួមធ្វើសកម្មភាព ផ្ដោតសំខាន់ទៅលើការបោះពុម្ពផ្សាយ និងការអប់រំ សីលធម៌សង្គម នៅតាមសហគមន៍នានា តាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនជាដើម៕