(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសកែសម្រួលលើប្រការ២ និងប្រការ៦​ ដែលដាក់ឲ្យប្រើប្រាស់ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ស្ដីពី «នីតិវិធី និងបែបបទនៃការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំសង្កាត់ ដោយអាជ្ញាធរឃុំសង្កាត់ ជូនប្រជាពលរដ្ឋសម្រាប់ គោលដៅ នៃការចុះឈ្មោះបោះឆ្នោត»។ នេះបើយោងតាមសេចក្ដីសម្រេចរបស់សម្ដេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា សេចក្ដីប្រកាសស្ដីពីនីតិវិធី និងបែបបទនៃការចេញលិខិតបញ្ជាក់​ពីទីលំនៅ ក្នុងឃុំ-សង្កាត់ ដោយអាជ្ញាធរឃុំសង្កាត់ជូនប្រជាពលរដ្ឋ សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោត របស់សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងប្រការ២ បានចែងថា «លំនៅឋាន គឺជាកន្លែងដែលជាទីតាំងនៃជីវភាពរស់នៅ​ របស់បុគ្គលម្នាក់ ក្នុងករណីដែលកន្លែងដែលជាទីតាំង នៃជីវភាពរស់នៅមិនច្បាស់លាស់ទេ ទីសំណាក់ត្រូវបានចាត់ទុកថា ជាលំនៅឋាន។ ទីសំណាក់សម្ដៅលើទីស្ថាន ដែលបុគ្គលម្នាក់ស្នាក់អាស្រ័យនៅ ឬអាស្រ័យនៅជាក់ស្ដែង ក្នុងរយៈពេលជាកំណត់ណាមួយ»។ ដោយឡែក ​ប្រការ២ថ្មី នៃសេចក្ដីប្រកាសកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ បានចែងថា «លំនៅឋាន គឺជាកន្លែងដែលជាទីតាំងនៃជីវភាពរស់នៅ​ របស់បុគ្គលម្នាក់ ក្នុងករណីដែលកន្លែងដែលជាទីតាំង នៃជីវភាពរស់នៅមិនច្បាស់លាស់ទេ ទីសំណាក់ត្រូវបានចាត់ទុកថា ជាលំនៅឋាន។ ទីសំណាក់សម្ដៅលើទីស្ថាន ដែលបុគ្គលម្នាក់ស្នាក់អាស្រ័យនៅ ឬអាស្រ័យនៅជាក់ស្ដែង ក្នុងរយៈពេលជាកំណត់ណាមួយ។ ការស្នាក់អាស្រ័យនៅ ឬអាស្រ័យនៅស្ថិតនៅក្រោមលក្ខខណ្ឌនៃប្រកាសនេះ ត្រូវបានកំណត់រយៈពេលយ៉ាងតិច ៣០ថ្ងៃ ត្រូវចុះបញ្ជីស្នាក់នៅបណ្ដោះអាសន្ន (ក៨) និងមានលិខិតអនុញ្ញាតិឲ្យស្នាក់នៅបណ្ដោះអាសន្ន (ក៩) ចេញដោយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសង្កាត់»

សម្រាប់ប្រការ៦ចាស់ បានចែងថា «ក្នុងពេលទៅបង្ហាញខ្លួនប្រជាពលរដ្ឋខ្មែរ ត្រូវនាំទៅជាមួយនូវអត្តសញ្ញាណប័ណ្ណរបស់សាម៉ីខ្លួន និងសាក្សីមួយរូបដែលមានសិទ្ធិបោះឆ្នោត ដែលនៅក្នុងឃុំសង្កាត់ជាមួយ»។ ដោយឡែកប្រការ៦ថ្មី «ក្នុងពេលទៅបង្ហាញខ្លួនប្រជាពលរដ្ឋខ្មែរ ត្រូវនាំទៅជាមួយនូវអត្តសញ្ញាណប័ណ្ណរបស់សាម៉ីខ្លួន​, លិខិតអនុញ្ញាតិ ឲ្យស្នាក់នៅបណ្ដោះអាសន្ន (ក៩) ចេញដោយប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃឃុំសង្កាត់ របស់សាម៉ីខ្លួន និងសាក្សីមួយរូប ដែលមានសិទ្ធិបោះឆ្នោត នៅឃុំសង្កាត់ជាមួយ»

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសរបស់សម្ដេច ស ខេង ខាងក្រោមនេះ៖