(ភ្នំពេញ)៖ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ដែលជាព្រឹកដំបូងនៃការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានបេក្ខជនអវត្តមាន ១,៤៤៣នាក់ ស្មើ ១.៤២ភាគរយ នៅទូទាំងប្រទេស ក្នុងនោះមានស្រ្តីចំនួន ៥៦៥នាក់ ស្មើ ១.១៣ភាគរយ។

លោក រស់ សាលីន បន្តថា ក្នុងចំណោមសិស្សអវត្តមានពេលប្រលងនៅព្រឹកនេះភាគច្រើន ជាសិស្សបំពេញវិជ្ជា (សិស្សស្វ័យរិន)។ លោក សាលីន បានឲ្យដឹងដែរថា ចំពោះបញ្ហាសុខភាពវិញ កើតឡើង ១០ករណី ក្នុងនោះមានសិស្ស ១០នាក់មាន បញ្ហាសុខភាព តែត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះទាន់ពេល ក្រោយទទួលបានការព្យាបាល ពួកគាត់អាចចូលរួមប្រឡងវិញជាធម្មតា។

គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃពោលគឺ ថ្ងៃទី២១​ និងថ្ងៃទី២២ ខែសីហា ដោយមានមណ្ឌលប្រឡងចំនួន ១៧៩មណ្ឌល ស្មើនឹង ៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន ១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕​