(បន្ទាយមានជ័យ)៖​ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ អមដោយលោកស្រី ម៉ៅ ម៉ាល័យ ប្រធានកិត្តិយស​ សមាគមន៍នារីកម្ពុជាសន្តិភាព ដើម្បីអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ​ បានបន្តចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋចំនួនជាង១០០០នាក់ នៅក្នុងបរិវេណវត្តបាលេលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា របស់យើងទាំងអស់ ទោះនៅទីណាក៏ដោយ​។

នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន បានថ្លែងថា ដើម្បីបក្ស និងដើម្បីការពារ សុខសន្តិភាព ស្ថិរភាព ដែលមានដូចសព្វថ្ងៃនេះ ឲ្យគង់វង្ស សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាខំប្រឹងប្រែងខ្លាំងណាស់ ដៃម្ខាងដឹកនាំកសាងប្រទេសជាតិ យើងកាន់តែសំបូរសប្បាយដូចសព្វថ្ងៃនេះ​ ដៃម្ខាងការពារសុខសន្តិភាព​ សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ​ធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋរស់នៅ ដោយសុខសាន្តនិងមានសិទ្ធិស្មើភាពគ្នា ចំពោះមុខច្បាប់ដោយមិនប្រកាន់ពូជសាសន៍​និងពណ៌សម្បុរអ្វីឡើយ។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន បានថ្លែងក្នុងនាមថ្នាក់ដឹកនាំគណបក្ស​ប្រជាជន ថ្លែងអំណរគុណដល់មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ លោកគ្រូ-អ្នកគ្រូ​ សិស្ស​ និស្សិតប្រជាពលរដ្ឋ​ទាំងអស់ នៅខេត្តបន្ទាយមានជ័យ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជន កាលពីថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧​ និងបានសំណូមពរ ឲ្យអ្នកបោះឆ្នោតទាំងអស់បន្តគាំទ្របោះឆ្នោត ជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ ដើម្បីបន្តធ្វើការអភិវឌ្ឍន៍ភូមិ ឃុំ -សង្កាត់ ឲ្យរឹតតែរីកចម្រើនជីវភាពប្រជាពលរដ្ឋកាន់តែធូរធារទាំងអស់គ្នា។

ជាមួយវប្បធម៌ចែករំលែក​ និងការគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋអ្នកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាននាំយកនូវ អំណោយជាទ្រនាប់ដៃ​ រួមមាន៖១៖ សមាជិក​ សមាជិកា ចំនួនជាង ១០០០នាក់ នូវសារ៉ុងម្នាក់១ និង ថវិកាជូនដល់, ២៖ សាខាបក្សភូមិក្បាលកោះ១លានរៀល, ៣៖ ជូនសាលាបឋមសិក្សាវត្តបាលេលេយ្យ ១លានរៀល, ៤៖ ជនពិការ៣០នាក់ ម្នាក់ៗទទួលបានសារ៉ុង​ ១​ ថវិកា​២០,០០០រៀល​, ៥៖ ប្រគេនបច្ច័យកសាងវត្តបាលេលេយ្យ១លានរៀល៕