(កំពង់ស្ពឺ)៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដែលត្រូវនឹងថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញ​​កាត់ និងបើកវិញ្ញាសា នៅវិទ្យាល័យ កំពង់ស្ពឺ។

ក្នុងឱកាសនោះដែរលោក វ៉ី សំណាង ក៏បានផ្ដាំផ្ញើរទៅដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការប្រឡង និងត្រូវគោរពទៅតាមបទបញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្របតាមពាក្យស្លោក «អ្នកចេះ គឺជាប់» និងសូមជូរពរទៅ ដល់ក្មួយៗសិស្សានុសិស្ស ឲ្យទទួលបានជោគជ័យ ក្នុងការប្រឡងទាំងអស់គ្នា  ។

អភិបាលខេត្តកំពង់ស្ពឺ ​បានបញ្ជាក់ថា ថ្នាក់នាំក៏បានយកចិត្តទុកដាក់ជាខ្លាំង ទៅដល់សិស្សានុសិស្សទាំងអស់ ដែលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តកំពង់ស្ពឺ ដោយខេត្តបានរៀបចំកន្លែងស្នាក់ និងរៀបចំទីកន្លែងផ្ញើ​កង់ ម៉ូតូ ដោយមិនមានយកកម្រៃសេវា អ្វីទាំងអស់ ជូនទៅដល់ក្មួយៗសិស្សានុសិស្ស។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕​