(ភ្នំពេញ)៖ នៅលើទីលានបាល់ទាត់ នៃក្លឹបហេបភីស៉្ពត មានកម្មវិធីបើកការប្រកួត បាល់ទាត់ដណ្តើមពានរង្វាន់ តំណាងយុវនិស្សិត ខេត្តបន្ទាយមានជ័យ កំពុងសិក្សានៅរាជធានីភ្នំពេញឆ្នាំ២០១៧ ក្រោមអធិបតីភាព ​​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

​​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា កម្មវិធីនេះផ្តួចផ្តើមឡើងដោយ ​នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយ​មានជ័យ ​និងមានការជម្រុញគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ ​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ហើយលោកផ្ទាល់ ជាអ្នកឧបត្ថម្ភថវិកាទាំងស្រុង ឯការរៀបចំគឺក្រុមការងារ​ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយក្រុមតំណាងយុវនិស្សិត ខេត្តបន្ទាយមានជ័យ។

ក្នុងឆ្នាំ២០១៧នេះ និស្សិតនៃខេត្តបន្ទាយមានជ័យ ដែលកំពុងសិក្សានៅរាជធានីភ្នំពេញ មានចំនួនប្រមាណជាង២,០០០នាក់ ហើយតំណាងយុវនិស្សិតទាំងនេះ បានប្រមែប្រមូលគ្នាបង្កើតជាក្រុមកីឡាបាល់ទាត់ តំណាងក្រុងស្រុករបស់ខ្លួនរស់នៅ មកធ្វីការប្រកួតប្រជែងគ្នា តាមគំនិតផ្តួចផ្តើមរបស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងតាមការជម្រុញគាំទ្រពី ​នាយឧត្តមសេនីយ៍ សៅ សុខា និងមានការឧបត្ថម្ភពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គឺក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាព និស្សិត នៃខេត្តបន្ទាយមានជ័យ លើទឹកដីរាជធានីភ្នំពេញ និងជាការបំផុសបំផុល លើកស្ទួយវិស័យកីឡាបាល់ទាត់ ជំរុញការលេងកីឡាដើម្បីសុខភាព អូសទាញយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញាន និងអំពើឧបាយមុខផ្សេងៗផងដែរ។

កម្មវិធីប្រកួតប្រជែងនេះ គឺជាលើកទី២ហើយ ដោយរដូវកាលទី១ បានប្រារព្ធធ្វើកាលពីអំឡុងខែសីហា ដល់ខែធ្នូ ឆ្នាំ២០១៦ ហើយមានតែ០៧ក្រុមចូលរួមប៉ុណ្ណោះ តែក្នុងឱកាសចូលរួមជាគណអធិបតី នៅថ្ងៃបិទការប្រកួត កាលពីរដូវកាលទី១ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជម្រុញឲ្យតំណាងយុវនិស្សិតធ្វើយ៉ាងណា គៀងគរក្រុមកីឡាករ ជានិស្សិតខេត្តបន្ទាយមានជ័យ មករៀននៅភ្នំពេញ ប្រមូលផ្តុំគ្នាឲ្យបាន០៩ក្រុម តំណាងក្រុងស្រុកទាំង០៩ នៃខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមប្រកួតប្រជែង ដោយលោក រ័ត្ន ស្រ៊ាង សន្យាថានឹងចំណាយលើការរៀបចំកម្មវិធីទាំងស្រុង។

ដូចតាមការសំណូមពរ និងការសន្យា នៅឆ្នាំ២០១៧នេះ តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ បានប្រមូលផ្តុំក្រុមកីឡាករ គ្រប់ចំនួន០៩ក្រុម មកធ្វើការប្រកួត ក្រោមការឧបត្ថម្ភទាំងស្រុងពីសំណាក់ ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលក្រុមទាំងនោះមាន តំណាងយុវនិស្សិត ក្រុងប៉ោយ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក ស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ​។ ការប្រកួត បានបែងចែកជា២ពូល ប្រកួតឆ្លាស់គ្នា រាល់ថ្ងៃសៅរ៍ និងអាទិត្យ ដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧តទៅ៕