(ភ្នំពេញ)៖ នៅគ្រាដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ បានកំពុងតែចាប់ផ្តើម នៅថ្ងៃដំបូង ថ្ងៃទី២១ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារជូនពរដល់សិស្សានុសិស្ស ឲ្យប្រឡងជាប់គ្រប់ៗគ្នា និងជំរុញឲ្យសិស្សានុសិស្សទាំងអស់ យកចិត្តទុកដាក់ក្នុងការប្រឡង កុំមានការភ័យខ្លាច និងត្រូវគោរពវិន័យ និងបទបញ្ញត្តិប្រឡងឲ្យបានត្រឹមត្រូវ ព្រោះអ្នកចេះគឺជាប់។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook របស់សម្តេចថា « ជូនពរចៅៗ និងក្មួយៗសិស្សានុសិស្សប្រឡងជាប់គ្រប់គ្នា!។ ថ្ងៃដ៏សំខាន់បំផុតសម្រាប់ចៅៗ និងក្មួយៗត្រៀមបញ្ចប់ថ្នាក់ទី១២ បានមកដល់ហើយ។ ថ្ងៃទី ២១ សីហា ២០១៧នេះ ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមចៅៗនិងក្មួយៗសិស្សានុសិស្សទាំងអស់យក ចិត្តទុកដាក់ក្នុងការប្រឡង កុំមានការភ័យខ្លាច ប៉ុន្តែត្រូវគោរពវិន័យ និងបទបញ្ញត្តិប្រឡងអោយបានត្រឹមត្រូវ ព្រោះអ្នកចេះគឺជាប់»

ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអរគុណដល់លោកគ្រូអ្នកគ្រូ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ មន្ត្រីសង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើ ពុករលួយប្រចាំមណ្ឌល និងអាជ្ញាធរដែនដីទទួលផែនសន្តិសុខ និងសណ្ដាប់ធ្នាប់ដែល បានចូលរួមសហការគ្នា ដើម្បីឲ្យដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃនេះប្រព្រឹត្តិទៅដោយ រលូន និងមានតម្លាភាពផងដែរ។

សូមជម្រាបថា នៅព្រឹក ថ្ងៃទី២១ ខែសីហានេះ ទ្វារមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស បានបើកទទួលស្វាគមន៍ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា ចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់) ហើយ។

ការប្រឡងបាក់ឌុបមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែសីហា ឆ្នាំ២០១៧។ ការប្រកាសលទ្ធផល នឹងធ្វើនៅតាមមណ្ឌលប្រឡងនីមួយៗ​ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕