(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញបើកហិបវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ នាវិទ្យាល័យព្រះស៊ីសុវត្ថិ ​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ​អះអាងថា ការប្រឡងឆ្នាំ២០១៧នេះ ដំណើរការកាន់តែល្អជាងឆ្នាំមុនៗ ខណៈដែលការរឹងបន្ដឹងកាន់តែបន្ថែម។

លោករដ្ឋមន្ដ្រីថ្លែងយ៉ាងដូច្នេះថា «​ស្ដង់ដារនៃការរៀបចំប្រឡង គឺដូចឆ្នាំមុនៗដែរ យើងរៀបចំបានល្អប្រសើរ អីចឹងឃើញថា ដំណើរការប្រឡងកាន់តែល្អប្រសើរ ដោយសហការជាមួយ​អង្គភាពប្រឆាំងអំពើពុករលួយ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា...ដូច្នេះយើងឃើញថាឆ្នាំនេះ គឺដំណើរការប្រឡងកាន់តែល្អឡើងៗ»

លោក ហង់ ជួនណារ៉ុន បញ្ជាក់ថា ចំពោះវិន័យវិញ នៅតែបន្ដការរឹងបន្ដឹងដូចឆ្នាំមុនៗ ហើយស្ដង់ដារវិញ្ញាសា គឺនៅរក្សាមិនឲ្យបែកធ្លាយដដែល។ លោកបានបង្ហាញនូវជំនឿជឿជាក់ថា សិស្សានុសិស្សដែលជាបេក្ខជនប្រឡង នឹងអាចធ្វើបាន ហើយទទួលបានលទ្ធផលប្រសើរផងដែរ ចំពោះអ្នកដែលខិតខំរៀនសូត្រ។

យ៉ាងណាមិញ លោកគូសបញ្ជាក់ថា ក្រសួងអប់រំ នឹងនៅបន្ដសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំការប្រឡងនេះ។ លោកថា មុនដំណើរការប្រឡងវិញ សហភាពសហព័ន្ធយុវជនកម្ពុជា បានជួយដល់ក្រសួងយ៉ាងច្រើន ដូចជាការបំប៉នដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាដើម។

ជាមួយគ្នានោះ លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ចំពោះបេក្ខជនប្រឡង និងលោកគ្រូ អ្នកគ្រូដែលប្រព្រឹត្តខុស គឺនៅរក្សាទោសដដែល ដូចមានចែកក្នុងច្បាប់ស្ដីពីការអប់រំ, ច្បាប់ប្រឆាំងអំពើពុករលួយ, ក្រមព្រហ្មទណ្ឌ និងបទបញ្ញតិរបស់ក្រសួងអប់រំ ក៏ដូចជាសារាចររបស់រាជរដ្ឋាភិបាល ដូច្នេះការប្រព្រឹត្ដិរបស់អ្នកពាក់ព័ន្ធទាំងអស់ មិនអាចអត់ឱន ឬលើកលែងឲ្យបានឡើយ។

បន្ថែមពីនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអះអាងថា មុនដំណើរការប្រឡង សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការអនុញ្ញាតពីក្រសួងអប់រំ បានសហការជាមួយមន្ទីរអប់រំ ទាំង២៥រាជធានី-ខេត្ត បានបើកវគ្គបំប៉នដល់សិស្សានុសិស្សដល់បេក្ខជន ដែលនឹងចូលប្រឡង ដើម្បីបង្កើនសមត្ថភាពឲ្យកាន់តែខ្ពស់បន្ថែមទៀត។

លោក ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងរយៈពេលនៃការដំណើរការប្រឡង២ថ្ងៃនេះ ក្រុមយុវជនស្ម័គ្រ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្រៅពីចូលរួមសង្កេតការណ៍ពេលប្រឡង ក៏បានចូលរួមមើលថែរក្សាមធ្យោបាយ យាន្ដជំនិះ របស់បេក្ខជនប្រឡងផងដែរ។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕​