(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២១ ខែសីហានេះ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានថ្លែងអំណរគុណ ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរដែនដី ដែលបានរៀបចំកន្លែងផ្ញើកង់ ម៉ូតូ ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយមិនគិតប្រាក់។

ក្រសួងអប់រំ ចាត់ទុកថា ការរៀបចំនេះ គឺជាកាយវិការសប្បុរសធម៌ យ៉ាងពិតប្រាដក។

ក្រសួងអប់រំបានសរសេរ លើក Facebook របស់ខ្លួនយ៉ាងដូច្នេះថា « ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ថ្លែង​អំណរគុណ ​ចំពោះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ គ្រប់​លំដាប់​ថ្នាក់ នូវ​កាយវិការ​សប្បុរស ដែល​បាន​ជួយ​រៀបចំ​ថែរក្សា និង​មើល​ការ​ខុសត្រូវ​នៅ​កន្លែង​ផ្ញើ​កង់ និង​ម៉ូតូ​ជូន​បេក្ខជន​ដោយ​ឥតគិតថ្លៃ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​ មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង៖ ២១ សីហា ២០១៧»

ជាមួយគ្នានេះ ក្រសួងអប់រំ បានឲ្យដឹងទៀតថា នៅ​ព្រឹក​ថ្ងៃ​ទី១ នៃ​ដំណើរការ​មណ្ឌល​សំណេរ​នៃ​វិញ្ញាសា​ទី​១ ស្ថាន​ភាព​ក្នុង​ដំណើរការ​ប្រឡង មាន​ភាព​ស្ងប់ស្ងាត់ និង​សណ្ដាប់​ធ្នាប់​របៀប​រៀបរយ​ល្អ​ទាំង​នៅ​ក្នុង​និង​ក្រៅ​មណ្ឌល​ប្រឡង ថ្វីត្បិត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​ដំណើរ​ការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​ តាម​ពេល​វេលា​ដែល​បាន​កំណត់ ។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕