(សៀមរាប)៖ ថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០១៧ គឺជាថ្ងៃ​សិស្សានុសិស្សថ្នាក់ទី១២ គ្រប់វិទ្យាល័យនៅទូទាំងប្រទេសកម្ពុជា ប្រឡងបញ្ចប់នូវមធ្យមសិក្សាទុតិយភូមិ ដើមី្យយកសញ្ញាបត្រមធ្យម ដោយឡែកនៅខេត្តសៀមរាប លោក ឃឹម ប៊ុនសុង អភិបាលខេត្ត អញ្ជើញបើកវិញ្ញាសា ​នៅមណ្ឌលវិទ្យាល័យ ១០មករា១៩៧៩។

អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ​បានធ្វើការណែនាំ និង​ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូអ្នកគ្រូ ជាគណៈកម្មការបច្ចេកទេស និងអនុរក្ស ព្រមទាំងក្មួយៗសិស្សានុសិស្ស ជាបេក្ខជនទាំងពីរភេទ ដោយបញ្ជាក់ថាការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិត នៃចំណេះដឹងរបស់ក្មួយៗ បានខិតខំសិក្សារៀនសូត្រ នៅមធ្យមសិក្សាទុតិយភូមិ ហើយក៏ជាការឈានចូលទៅសិក្សា នៅកម្រិតថ្នាក់មហាវិទ្យាល័យ សាកលវិទ្យាល័យបន្តទៀត​។

​ម៉្យាងទៀតវិញ្ញាសារប្រឡងដែលក្មួយៗ ​បានធ្វើការពិនិត្យនាពេលនេះ ក្រសួងអប់រំ ក៏មិនបានធ្វើឲ្យមានបញ្ហាអ្វីចេញទៅក្រៅឡើយ គឺ​មានតែក្មួយៗទាំងអស់ បានឃើញក្នុងពេលប្រឡងតែប៉ុណ្ណោះ ​ហើយសូមរក្សានូវវិន័យ​ គោរពនូវលក្ខន្តិកៈក្នុងពេលប្រឡងឲ្យបានល្អ​។

​យ៉ាងណាមិញអភិបាលខេត្ត ក៏ដូចជាប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ពីការកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំសិក្សា ឲ្យកាន់តែមានប្រសិទ្ធភាពឡើង ពីមួយឆ្នាំទៅមួយឆ្នាំ​ ហើយលោកសូមឲ្យ លោកគ្រូ អ្នកគ្រូ ​ដែលជាអនុរក្ស មេប្រយោគ និង​កម្លាំងសន្តិសុខ នៅគ្រប់មណ្ឌលប្រឡងទាំងអស់ ត្រូវយកចិត្តទុក​ដាក់ឲ្យបានខ្ពស់ និង​ទប់ស្កាត់ឲ្យបាននូវរាល់ការហូរចូល រាល់ការបោះវិញ្ញាសារចេញ និងចូល និង​យកចិត្តទុក ដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងរក្សាឲ្យខាងតែ បាននូវសេចក្តីថ្លៃថ្នូរ ដើម្បី​ទទួលបាននូវធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ នៃការបណ្តុះបណ្តាលនូវធនធានមនុស្ស​។

​តាមសេចក្តីរាយការណ៍ របស់ប្រធានមន្ទីរអប់រំយុវជន និង​កីឡាខេត្ត លោក សយ ទិត្យាវង្ស បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ឆ្នាំសិក្សា២០១៦-២០១៧នេះ មានសិស្សដាក់ពាក្យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួនសរុប​៧,១១៣នាក់ ស្រី​៣,៩៦៤នាក់ ​មានមណ្ឌលប្រឡង ចំនួន១១មណ្ឌល មានបន្ទប់ចំនួន​២៨៦បន្ទប់ ក្នុងនោះវិទ្យាសាស្ត្រ ចំនួន​៦មណ្ឌលស្មើ១៥១បន្ទប់​, វិទ្យាសាស្ត្រសង្គម ៥មណ្ឌល ស្មើ១៣៥​បន្ទប់​​៕