(ភ្នំពេញ)៖ ការប្រឡងបាក់ឌុប សម្រាប់មុខវិជ្ជាដំបូង បានបញ្ចប់ហើយ នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី២១ ខែសីហានេះ ខណៈការប្រឡងមុខវិជ្ជាទី២ នឹងត្រូវចាប់ផ្តើមនៅម៉ោង ៩៖០០នាទីព្រឹក។

មុខវិជ្ជាទី២ ត្រូវប្រឡងរយៈពេល៩០នាទី ចាប់ពីម៉ោង៩៖០០នាទី ដល់ម៉ោង១០៖៣០នាទី ក្នុងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡងមុខវិជ្ជា ជីវវិទ្យា និងថ្នាក់វិទ្យាសាស្ត្រសង្គម ត្រូវប្រឡងមុខវិជ្ជា ប្រវត្តិវិទ្យា។

សូមជម្រាបថា នៅព្រឹក ថ្ងៃទី២១ ខែសីហានេះ ទ្វារមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស បានបើកទទួលស្វាគមន៍ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជា ចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់) ហើយ។

ការប្រឡងបាក់ឌុបមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែសីហា ឆ្នាំ២០១៧។ ការប្រកាសលទ្ធផល នឹងធ្វើនៅតាមមណ្ឌលប្រឡងនីមួយៗ​ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡង នៅរាជរាធានីភ្នំពេញ និងខេត្ដកណ្ដាល និងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕