(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិកា ​កណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ​ចុះជួយខេត្តបន្ទាយមានជ័យ និងលោក សួន បវរ អភិបាលខេត្ត ​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧​ បានទៅចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារសព កុមារា ម៉ាន កក្កដា អាយុ៩ឆ្នាំ រៀនថ្នាក់ទី២ នៅក្នុងភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ដែលគ្រោះថ្នាក់ដោយម៉ាស៊ីនច្រូត កិនស្លាប់ពេលកំពុងដើរចាប់ត្រីកណ្ដាលវាលស្រែ។

ឧបនាយករដ្ឋមន្ដ្រី កែ​ គឹមយ៉ាន​ បានសម្តែងនូវសមានទុក្ខ​ អាណិតអាសូរ​ និងសោកស្តាយពន់ពេក ជាមួយក្រុមគ្រួសារសព​ កុមារា​ ម៉ាន​ កក្កដា​ លើករណីគ្រោះថ្នាក់​ដ៏អាក្រក់​នេះ​ និងសូមឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខ័ន្ធ​ កុមារា​ ម៉ាន​ កក្កដា​ សូមទៅកាន់សុគតិភព​ កុំឲ្យអភ័ព្វដូចជាតិនេះ​ទៀត​​។

ជាមួយនឹងសេចក្តីទុក្ខក្រៀមក្រំនេះ​ ឧបនាយករដ្ឋមន្ដ្រី កែ​ គឹមយ៉ាន​ បានចូលជាបច្ច័យបុណ្យសព ចំនួន២លានរៀល និងលោក សួន បវរ អភិបាលខេត្ត ចូលបុណ្យ​ចំនួន​១០០ដុល្លារ និងជូនអំណោយជាសារ៉ុង ដល់គ្រួសារសព និងញាតិជិតខាងអស់ចំនួន៧៥​សារ៉ុងផងដែរ​​។

សូមជម្រាបថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅ មានករណីគ្រោះថ្នាក់មួយបានកើតឡើង ដោយកុមារ​ម្នាក់កំពុងដើរចាប់ត្រី តាមក្រោយម៉ាស៊ីនច្រូតស្រូវ ពេលអ្នកបើកបរបើកថយក្រោយ បណ្តាយឲ្យជាន់ស្លាប់ភ្លាមៗនៅកន្លែង ស្រុកមង្គលបូរី៕