(កូឡាឡាំពួរ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំកម្ពុជា បានអស់ឱកាសឡើងទៅវគ្គបន្ដ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games 2017) លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីទៅហើយ បន្ទាប់ពីបន្ដបរាជ័យក្នុងប្រកួតទី៣ ក្រោមថ្វីជើងក្រុមយុវជន U22ថៃ ដោយលទ្ធផល ៣-០ មុននេះបន្ដិច នៅកីឡដ្ឋាន MP Selayang ។

ការប្រកួតជម្រុះពូលB ខាងលើ ក្រុម U22កម្ពុជា បានរបូត ១គ្រាប់នៅចុងតង់ទី១ និងបាត់បង់សមាជិកម្នាក់ គឺកីឡាករ សុខ សំណាង ដែលត្រូវបានអាជ្ញាកណ្ដាលពិន័យកាត់ក្រហម ស្របពេលកីឡាករថៃម្នាក់ ក៏ទទួលបានកាតក្រហម ក្រោយបង្កកំហុសលើកីឡាករកម្ពុជាផងដែរ ។ ឈានចូលតង់ទី២ ក្រុមការពារមេដាយមាសថៃ បានបន្ថែម ២គ្រាប់ទៀត ដើម្បីយកឈ្នះក្រុមគោព្រៃកម្ពុជា ៣-០ និងទទួលបាន ៣ពិន្ទុធ្វើទុនដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយនឹងក្រុម U22វៀតណាម និងឥណ្ឌូនេស៊ី ។

សម្រាប់ការបរាជ័យនេះ គឺគ្រប់គ្រាន់ឲ្យក្រុម U22កម្ពុជាហាលអាវ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតឈ្នះទាំងបី ខណៈ ២ប្រកួតដំបូង ចាញ់ក្រុម U22ហ្វីលីពីន ២-០ និងចាញ់ក្រុម U22វៀតណាម ៤-១ ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ក្រុមគោព្រៃកម្ពុជា នៅសល់ការប្រកួតបង្គ្រប់កិច្ចចំនួន ២ប្រកួតទៀតផងដែរ រួមមានជួបក្រុម U22ទីម័រខាងកើត នៅថ្ងៃទី២២ ខែសីហា និងចុងក្រោយជួបក្រុប U22ឥណ្ឌូនេស៊ី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ខាងមុខ ។

ដោយឡែកក្រុម U22វៀតណាមវិញ នៅមុននេះបន្ដិច ក៏បានបន្ដយកឈ្នះក្រុម U22ហ្វីលីពីន ដោយលទ្ធផល ៤-០ ដើម្បីរក្សាកៅអីកំពូលតារាងមាន ៩ពិន្ទុផងដែរ ។ ចំណែកក្រុម U22ឥណ្ឌូនេស៊ី បានយកឈ្នះក្រុមយុវជន U22ទីម័រខាងកើត ដោយលទ្ធផល ១-០ ដើម្បីបន្ដឈរលេខ២ និងមាន ៧ពិន្ទុស្មើគ្នាជាមួយក្រុម U22ថៃ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងស្មើ១ ដូចគ្នា៕