(ភ្នំពេញ)៖ សិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រឡងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែសីហា ឆ្នាំ២០១៧។

វីដេអូឃ្លីបនៃកិច្ចសម្ភាសន៍របស់ក្រសួងអប់រំ ជាមួយបេក្ខជន ដែលនឹងត្រូវប្រឡងបាក់ឌុប ហើយមកមើលឈ្មោះ នៅមណ្ឌលប្រឡង នាថ្ងៃទី២០ ខែសីហានេះ ពួកគេសុទ្ធតែបញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរាល់ និងខិតខំប្រឡងឲ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបានលទ្ធផលល្អជូនគ្រួសារ។
ជាមួយគ្នានេះ បេក្ខជនដែលត្រូវប្រឡងទាំងនោះ បានអះអាងការរឹតបន្តឹងរបស់ក្រសួងអប់រំ ចំពោះការប្រឡងនេះ គឺបានធ្វើឲ្យសិស្សខិតខំរៀនសូត្រ មិនពឹងផ្អែកលើកការមើលប្រូយ៉ុង ឬលួចចម្លងគ្នាឡើយ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយមភូមិ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល០២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២១-២២ ខែ​សីហា ឆ្នាំ​២០១៧ មាន​បេក្ខជន​សរុប​ចំនួន ១០១,៤១០ នាក់ (ស្រី៥០,០៤៩ នាក់) ដោយ​ចែក​ចេញ​​ជា​១៧៨ មណ្ឌល​សំណេរ ត្រូវ​ជា ៤,០៩៣បន្ទប់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យា​សាស្ត្រ​សង្គម៕