(ភ្នំពេញ)៖ ថ្ងៃទី២០ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មាន​បងប្អូនប្រជាពលរដ្ឋជាង១០​០នាក់ ចូលរួមបរិច្ចាគនៅសួនកាណាឌីយ៉ា ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ​។​​

«យុទ្ធនាការ៣០ថ្ងៃបង្កើតឡើង គឺដោយសារតែមានគណៈកម្មការមុន ដែលមានព្រះតេជគុណ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង គ្មានការទទួលខុសត្រូវ ហើយបានបោះបង់ការងារចោលទាំងគ្មានស្រណោះ ដូច្នេះហើយ ទើបខ្ញុំផ្តួចផ្តើមបង្កើតនូវយុទ្ធនាការ៣០ថ្ងៃនេះឡើងមក គឺដើម្បី រៃអង្គាសថវិកាចូលរួមសាងសង់ ចេតិយជូនលោកបណ្ឌិត កែម ឡី ឲ្យឆាប់រួចរាល់» នេះជាការអះអាងរបស់លោក ពេជ្រ ស្រស់ ប្រាប់បណ្តាញព័ត៌មាន Fresh News​ នៅថ្ងៃនេះ។

ប្រធានគណបក្សរូបនោះបានបញ្ជាក់ទៀតថា «យើងមិនអាចពឹងលើព្រះសង្ឃ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង បានទេ ដោយហេតុថាបុគ្គលទាំងពីរនេះ គឺជាបុគ្គលនិយមមុខមាត់ ពោលគឺជាបុគ្គលចង់បានភាពល្បីល្បាញតែប៉ុណ្ណោះ»

យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕