(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអះអាងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស គឺដំណើរការធម្មតា មិនមានការរំខាន ដោយសារជំនន់ទឹកភ្លៀងនោះទេ បើទោះបីជានៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តមួយចំនួន មានភ្លៀងធ្លាក់ច្រើនក៏ដោយ។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបញ្ជាក់ថា លោកនឹងអញ្ជើញជាអធិបតីភាព បើកហិបវិញ្ញាសាប្រឡង នៅវិទ្យាល័យព្រះស៉ីសុវត្ថិ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយមភូមិ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល០២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២១-២២ ខែ​សីហា ឆ្នាំ​២០១៧ មាន​បេក្ខជន​សរុប​ចំនួន ១០១,៤១០ នាក់ (ស្រី៥០,០៤៩ នាក់) ដោយ​ចែក​ចេញ​​ជា​១៧៨ មណ្ឌល​សំណេរ ត្រូវ​ជា ៤,០៩៣បន្ទប់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យា​សាស្ត្រ​សង្គម៕