(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានអះអាងថា ក្រសួងការងារ ក៏ដូចជាបងប្អូនកម្មករ-កម្មការិនី បានចេញមកស្វាគមន៍ និងគាំទ្រពេញយ៉ាងទំហឹង ចំពោះអនុសាសន៍ដ៏មុតស្រួចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រកាស អនុញ្ញាតឲ្យកម្មករ-កម្មការិនី ទទួលបានសេវាជិះរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំ ទូទាំងរាជធានីភ្នំពេញ ព្រមទាំងផ្តល់នូវការធានាសុខមាលភាពរបស់កម្មករ-កម្មការិនី និងជាពិសេសប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការ។

លោក ហេង សួរ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះថា ទាំងលោករដ្ឋមន្រ្តី អ៉ិត សំហេង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការងារ ពិសេសបងប្អូនកម្មករ-កម្មការិនីទាំងអស់នៅក្នុងរាជធានីភ្នំពេញ មានការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងសប្បាយរីករាយយ៉ាងខ្លាំង ក្រោយពេលដឹងថា សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានប្រកាសអនុញ្ញាតឲ្យបងប្អូនកម្មករ-កម្មការិនី ទទួលបានសេវាជិះរថយន្តក្រុងដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំ ព្រមទាំងផ្តល់នូវការធានាសុខមាលភាពរបស់កម្មករ-កម្មការិនី និងជាពិសេសប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការ។

អ្នកនាំពាក្យរូបនេះបានបន្តថា ការដាក់ចេញនូវគោលនយោបាយដ៏សមស្របទៅ នឹងស្ថានភាពប្រទេសកំពុងមានការអភិវឌ្ឍនេះ គឺជាគោលនយោបាយពិសេស មួយទៀត ក្នុងចំណោមគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការធានាសុខមាលភាពរបស់កម្មករ-កម្មការិនី ដែលជាការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង និងគ្រប់ពេលវេលា គ្រប់ទីកន្លែង និងការពារផលប្រយោជន៍របស់បងប្អូនកម្មករ-កម្មការិនី ក៏ដូចជាការគិតគូរដល់ជីវភាពរស់នៅ និងមធ្យោបាយធ្វើដំណើរទៅមករបស់ពួកគេ ព្រោះបើកាលណាបងប្អូនកម្មករ-កម្មការិនី ជិះរថយន្តទៅមកដោយមិនអស់ប្រាក់នោះ ពួកគេនឹងសន្សំប្រាក់បានកាន់តែច្រើនជាងមុនៗ តួយ៉ាងសម្ដេចតេជោ បានលើកឡើងហើយថា អាចសល់ពី ៨,០០០រៀល ទៅ ១២,០០០រៀល ក្នុងមួយថ្ងៃ នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន លះបង់គ្រប់បែបយ៉ាង ដើម្បីបងប្អូនកម្មករ-កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទូទៅ។

បើតាមលោក ហេង សួរ មិនត្រឹមតែជួយបង្កើនជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនីប៉ុណ្ណោះទេ ការបន្ថែមការផ្ដល់ជូនសេវាសាធារណៈដ៏សំខាន់នេះ ក៏ជាកត្តាដ៏សំខាន់មួយទៀត ក្នុងការទាក់ទាញវិនិយោគក្រៅប្រទេស ឲ្យចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀតដែរ។

ម្យ៉ាងទៀត ការកាត់បន្ថយចំណាយលើការធ្វើដំណើររបស់កម្មករ-កម្មការិនី ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០១៩នោះ ក៏រឹតតែជួយជំរុញជីវភាពប្រជាពលរដ្ឋ នៅតាមខេត្ត ដែលអាស្រ័យលើប្រាក់ឈ្នួលរបស់កូនចៅរបស់ពួកគាត់ បានយ៉ាងច្រើនថែមទៀតផង នេះហើយជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ សឹងតែទូទាំងប្រទេស ដែលទទួលបានដោយប្រយោល តាមរយៈគោលនយោបាយដ៏ធំទូលាយនេះ។

សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ បានចេញប្រកាសលើ Facebook ផ្លូវការបស់សម្ដេចយ៉ាងដូច្នេះថា «ក្មួយៗកម្មករ ទទួលបានសេវាជិះឡានក្រុងជាសាធារណៈ Free ២ឆ្នាំ​ ពីថ្ងៃទី​២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដែលនឹងជួយ សម្រួលដល់ការចំណាយមួយចំនួនរបស់ក្មួយៗ។​ ក្មួយៗគ្រាន់តែបង្ហាញកាតធ្វើការ គឺទទួលបានសេវានេះភ្លាម»។ ក្រោយពីប្រសាសន៍របស់ប្រមុខដឹកនាំ រាជរដ្ឋាភិបាលដូច្នេះហើយ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹងផ្លូវការមួយ បញ្ជាក់បន្ថែមផងដែរ៕