(ភ្នំពេញ)៖ ក្រោយពីកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរី ពហុបក្ស និងជាពិសេសបន្ទាប់ពីប្រទេសនេះទទួលបានសន្តិភាពពេញលេញចាប់តាំងពីចុងទសវត្សរ៍ ៩០មកទាំងអ្នកនយោបាយ ទាំងក្រុមសង្គមស៊ីវិលសប្បាយណាស់ និងនាំគ្នាបង្កើតគណបក្ស និងបង្កើតអង្គការ ក្រៅរដ្ធាភិបាលរឺសមាគម។

គេនៅចាំបានថា កម្ពុជាធ្លាប់មានបក្សនយោបាយជិត៦០ និងមានអង្គការ NGO ប្រមាណជាង៤០០០ ដែលបានចុះឈ្មោះនៅក្រសួងមហាផ្ទៃ។ គេអាចនិយាយ បានថា កម្ពុជាកាលណោះជាឋានសួគ៌សម្រាប់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល រាប់ទាំងក្រុមសង្គមស៊ីវិលដែលមកធ្វើ អាជីវកម្មខុសច្បាប់ផងដែរ។ ដោយមិននិយាយពីបក្សនយោបាយ ពេលនេះខ្ញុំសូមនិយាយតែពីអង្គការសង្គមស៊ីវិល។ អង្គការសង្គមស៊ីវិលមានច្រើនប្រភេទណាស់៖

ប្រភេទទី១៖ មានអង្គការខ្លះបង្កើតឡើងដើម្បីជួយប្រទេសជាតិ និងប្រជាជនពិតប្រាកដដោយធ្វើការតាមវិជ្ជាជីវៈ និងដើម្បីបម្រើផលប្រយោជន៍ប្រជាជន។

ប្រភេទទី២៖ អង្គការ NGO មួយចំនួនបង្កើតឡើងដើម្បីបោកលុយម្ចាស់ជំនួយយកមកចែកគ្នាចាយ។

ប្រភេទទី៣៖ មានអង្គការ NGO ខ្លះទៀតបង្កើតឡើងដើម្បីបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួន ឬបម្រើគណបក្សនយោបាយណាមួយពីក្រោយខ្នង។

ប្រភេទទី៤៖ អង្គការសង្គមស៊ីវិលខ្លះទៀតបង្កើតឡើងដោយជនបរទេសដើម្បីបម្រើប្រយោជន៍បរទេសតែម្តង។

សង្គមស៊ីវិលទាំង៤ប្រភេទនេះរីកដុះដាលព្រោងព្រាតនៅលើទឹកដីកម្ពុជា ពីព្រោះពួកគេទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុបានយ៉ាងងាយពីម្ចាស់ជំនួយក្រោម ហេតុផលថា ដើម្បីជួយស្តារប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីសង្គ្រាម និងបន្ទាប់ពីរបបខ្មែរក្រហម។ ពួកគេក៏សប្បាយនឹងធ្វើសកម្មភាពដោយសេរីដោយគ្មានច្បាប់ គ្រប់គ្រង រហូតពេលខ្លះធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យថែមទៀតផង។ អ៊ីចឹងហើយបានជាមានពាក្យថា «កម្ពុជាជាឋានសួគ៌សម្រាប់សង្គមស៊ីវិល»

ដោយចាត់ទុកកម្ពុជាជាឋានសួគ៌នេះហើយបានជា ពួកគេធ្វើសកម្មភាពដោយគ្មានកោតក្រែងរអែងចិត្តអាជ្ញាធរមានសមត្ថកិច្ចណាទាំងអស់។ បើសមត្ថកិច្ចណា ហ៊ានប៉ះពួកគេផ្តុំគ្នាខាំដូចឆ្កែចចកហែកសាច់ចែកគ្នាស៊ី។ ជាញឹកញាប់ ពួកគេប្រមូលផ្តុំគ្នាវាយប្រហារលើរដ្ឋាភិបាលតាមទំនើងចិត្ត រហូតពេលខ្លះគេពិបាកយល់ថា តើរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតជាអ្នកដឹកនាំប្រទេសនេះ ឬក៏ពួក NGO ជាអ្នកគ្រប់គ្រងប្រទេស?

យ៉ាងណាក៏ដោយ ពេលវេលាចេះតែទៅមុខ អង្គការជាច្រើនក៏បានបាត់មុខពីពិភពគុណជាបណ្តើរៗដោយមានហេតុផលផ្សេងៗពីគ្នា។ អង្គការខ្លះឈ្លោះទាស់ទែង គ្នារឿងតំណែង លុយកាក់រហូតដល់ម្ចាស់ជំនួយដឹងក៏ឈប់ផ្តល់ជំនួយឲ្យទៀត។ អ្នកខ្លះធ្វើប្រធានអង្គការជាង២០ឆ្នាំមិនព្រមឈប់ រីឯអ្នកខ្លះទៀតធ្វើរហូតខ្លួនឯង ចាស់ផ្ទេរតំណែងឲ្យកូនក៏មាន។ អង្គការខ្លះទៀតត្រូវបានម្ចាស់ជំនួយផ្អាកផ្តល់ហិរញ្ញវត្ថុក្រោមហេតុផលថា កម្ពុជាក្លាយជាប្រទេសរីកចម្រើនហើយដែលខ្លួន គួរបង្វែទិសដៅទៅជួយប្រទេសផ្សេងវិញដែលយ៉ាប់យ៉ឺនជាងកម្ពុជា។

ចំណែកអង្គការខ្លះទៀតដែលយកលុយជំនួយមកបម្រើមហិច្ឆតានយោបាយរបស់ខ្លួន ក៏ត្រូវម្ចាស់ជំនួយឈប់ផ្តល់ជំនួយបន្តទៀត។ រហូតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ណាបង្ហាញពីចំនួនអង្គការ NGO ថាមានប៉ុន្មានពិតប្រាកដនៅឡើយទេ ប៉ុន្តែតាមការប៉ាន់ស្មាន ប្រហែលជានៅសល់ប៉ុន្មានរយប៉ុណ្ណោះ ក្នុងនោះអង្គការដែលនៅលេចមុខមាត់ជាងគេគឺ ពពួក NGO ដែលធ្វើសកម្មភាពទាក់ទងនឹង ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោះឆ្នោតជាដើម។

មូលហេតុដែលនាំឲ្យក្រុមនេះនៅមានវត្តមានច្រើនគឺដោយសារម្យ៉ាង ម្ចាស់ជំនួយយល់ឃើញថា ការកសាងប្រជាធិបតេយ្យត្រូវប្រើរយៈពេលយូរ និងម្យ៉ាងទៀត ពួកគេពូកែបំប៉ោងសភាពការណ៍ និងបង្កើតព្រឹត្តិការណ៍ដើម្បីឲ្យគេមើលឃើញថា កម្ពុជានៅមានបញ្ហាច្រើនដែលទាមទារឲ្យម្ចាស់ជំនួយបន្តជួយលើវិស័យនេះ តទៅទៀត។ ទោះជាយ៉ាងនេះក៏ដោយ ក៏ពេលនេះកម្ពុជាលែងជាឋានសួគ៌សម្រាប់ពួកគេធ្វើសកម្មភាពតាមទំនើងចិត្ត រហូតបំពានច្បាប់ក៏បានដូចកាលពីមុនទៀតហើយពីព្រោះកម្ពុជាពេលនេះមានច្បាប់គ្រប់គ្រង NGO កំពុងចូលជាធរមាន។ គេនៅចាំបានថា ពេលបង្កើតច្បាប់នេះឡើង ក្រុមអង្គការសង្គមស៊ីវិលដែលជាអ្នករិះគន់គេរឿងមិនគោរពច្បាប់ ហើយដែលតែងតែជំរុញឲ្យរដ្ឋាភិបាលបង្កើតច្បាប់ ដើម្បីគ្រប់គ្រងស្ថាប័ននានាឥតឈប់ឈរនោះ ស្រាប់តែប្រកែកញ៉ាញមិនព្រមឲ្យមានច្បាប់ដើម្បីគ្រប់គ្រងសង្គមស៊ីវិលខ្លួនឯងទេ។

ច្បាប់ដែលចង់ឲ្យ NGO ធ្វើសកម្មភាពដោយគោរពច្បាប់ និងដោយមានតម្លាភាព បែរជាត្រូវបាន NGO រិះគន់ដោយបង្វែថាជាច្បាប់សម្រាប់ដាក់គំនាបលើពួកគេ ទៅវិញ។ អ្នកដែលតែងតែទាមទារឲ្យគេមានតម្លាភាព និងគណនេយ្យភាព ស្រាប់តែបដិសេធមិនបង្ហាញតម្លាភាពនៃចំណាយ និងចំណូលរបស់ខ្លួនព្រមទាំង មិនចង់ធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃអំពីសកម្មភាពរបស់ខ្លួនទៅវិញ។ ប៉ុន្តែពួកគេមិនអាចទប់ច្បាប់នេះមិនឲ្យចេញបានឡើយ។ ពាក្យចាស់ពោលថា «ការយោគយល់ពេកទៅគឺជាអំពើឃោរឃៅចំពោះខ្លួនយើងវិញទេ»

ប្រហែលដោយសារប្រកាន់យកទស្សនះនេះហើយបានជារដ្ឋាភិបាលកន្លងទៅ បានបណ្តោយឲ្យអង្គការសង្គមស៊ីវិលធ្វើសកម្មភាពដោយសេរី ដោយគឃ្លើន រហូតពេលខ្លះបានបំពានច្បាប់ថែមទៀត តែមិនព្រមចាត់វិធានការ។ ជាក់ស្តែងអង្គការ NDI ដែលធ្វើសកម្មភាព ២៥ ឆ្នាំលើទឹកដីកម្ពុជាតែមិនបាន ចុះឈ្មោះត្រឹមត្រូវឡើយ។ ក្រុមបន្ទប់ស្ថានការណ៍ដែលតែងធ្វើព្យុះភ្លៀងពេលបោះឆ្នោតក៏ដូចគ្នាដែរ។

ពួកគេធ្វើសកម្មភាពដោយគ្មានច្បាប់ ហើយថែមទាំងធ្វើដើម្បីជួយគណបក្សប្រឆាំងចំតួតែម្តង។ ជាក់ស្តែង ពួកគេជួយរៀបយុទ្ធសាស្ត្រឲ្យបក្សប្រឆាំង ចេញរបាយ ការណ៍ វាយប្រហាររដ្ឋាភិបាលដើម្បីជាប្រយោជន៍ដល់បក្សប្រឆាំង ពេលបក្សប្រឆាំងចាញ់ឆ្នោត ពួកគេខំកែខៃតួលេខឲ្យគេមើលឃើញថា បក្សទាំងពីរនេះមិននៅ ឆ្ងាយពីគ្នា។

ពេលក្រុមប្រឆាំងរៀបចំបង្កើតព្រឹត្តិការណ៍ចោទប្រកាន់ថា មានជនជាតិវៀតណាមបោះឆ្នោត។ល។ និង។ល។ ក្រុមបន្ទប់ស្ថានការណ៍ ឬអង្គការអន្តរជាតិទាំងនោះមិន ដែលកត់ត្រាថាជាភាពមិនប្រក្រតីរបស់បក្សប្រឆាំងឡើយ តែពួកគេកត់ត្រាតែបញ្ហាបន្តិចបន្តួចរបស់គ.ជ.ប និងរបស់បក្សកាន់អំណាច។

យ៉ាងណាក៏ដោយ សករាជនៃការធ្វើអ្វីៗតាមទំនើងចិត្ត បានផុតរលត់ហើយ។ ពួកអង្គការជាតិ និងអន្តរជាតិទាំងឡាយដែលចូលចិត្តធ្វើសកម្មភាព ដោយបង្កប់មហិច្ឆតានៅពីក្រោយខ្នងខ្លាចច្បាប់ NGO ណាស់ ផ្ទុយទៅវិញក្រុមសង្គមស៊ីវិលដែលធ្វើការជួយប្រជាជនពិតប្រាកដដោយវិជ្ជាជីវៈត្រេកអរ នឹងមានច្បាប់នេះទៅវិញទេ។ វាមិនខុសអ្វីពីពួកចោរ ពួកសង្គមងងឹតដែលតែងតែខ្លាចច្បាប់ និងប្រឹងរត់គេចពីសំណាញ់ច្បាប់ ចំណែកពលរដ្ឋស្លូតត្រង់តែងរត់រកច្បាប់ឲ្យជួយនោះឡើយ។ អំណឹះតទៅដល់ពេលដែលកម្ពុជាត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងដោយមិនលើកលែង និងដល់ពេលដែលគ្រប់គ្នាត្រូវគោរពច្បាប់រាប់ទាំងអង្គការ NGO និងអង្គការអន្តរជាតិដែលធ្វើសកម្មភាពនៅកម្ពុជាផងដែរ។ កម្ពុជាលែងជាឋានសួគ៌សម្រាប់អង្គការ NGO ធ្វើអាជីវកម្មខុសច្បាប់ទៀតហើយ៕

ដោយ៖ សូរគងជ័យ