(សៀមរាប)៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ក្រុមគ្រួសារងាយរងគ្រោះខ្វះស្បៀងចំនួន៣០គ្រួសារ មកពីភូមិចំនួន៥ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូ ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែនេះជាការជួយគ្នាក្នុងគ្រាលំបាក ហើយក៏ជាការបង្ហាញនូវ ការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា»។ អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ២៥គឺឡូក្រាម មី១កេស និងថវិកា៥ម៉ឺនរៀលផងដែរ។

បន្ទាប់ពីប្រគល់អំណោយមនុស្សធម៌ លោក ឃឹម ប៊ុនសុង បានបន្តពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរធំ ដែលមានទីនៅភូមិភ្លង់ ឃុំលាងដៃ ។

សូមបញ្ជាក់ថា នេះជាទីស្នាក់ការអនុសាខាទី៨ នៅក្នុងខេត្តសៀមរាប ហើយក៏ជាទីស្នាក់ការអនុសាខាទី៧ ក្នុងអណត្តិទី៤ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលដឹកនាំដោយ លោក ឃឹម ប៊ុនសុង ប្រធានកណៈកម្មាធិការសាខា៕