(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២០ ខែ​ សីហា​ ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា​ចុះជួយខេត្តមន្ទាយមានជ័យ​ បានចូលជាអធិបតីក្នុងពិធីប្រកាសសមាភាពគណកម្មាធិការសាខា​និងសាខាបក្សភូមិចំណុះគណកម្មាធិការបក្សឃុំទាំង១៣​ មានចំនួន៤១៧សាខាបក្សភូមិ​ និងមានសមាជិក​ សមាជិកាគណបក្សប្រជាជនសរុបចំនួន១៤៤៦នាក់​ទូទាំងស្រុកមង្គលបុរី នៅក្នុងបរិវេណសាលាចិន(ចុងវ៉ា)ឃុំឫស្សីក្រោកស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ​ លោកឧបនាយករដ្ឋមន្រ្តី បានលេីកឡេីងថាយេីងទាំងអស់គ្នាបានមានឱកាសអង្គុយជួបជុំជាមួយគ្នានាពេលនេះបានដោយសារប្រទេសជាតិរបស់យេីងមានសុខសន្តិភាព ស្ថេរភាពនយោបាយ​ពាសពេញប្រទេសក្រោមការថ្នាក់ដឹកនាំដ៏រឹងមាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជាបានបញ្ចប់សង្រ្គាមរាំរ៉ៃ ក្រោមគោលនយោបាយឈ្នះ​ ឈ្នះ​ ដែលបានផ្តល់ឱកាសអោយយើងទាំងអស់គ្នាមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ​ ដែលយើងទាំងអស់គ្នាបានឃើញផ្ទាល់នឹងភ្នែក​មានជាអាទ៍ ផ្លូវថ្នល់ជាសសៃឈាមតភ្ជាប់ពីតំបន់ជនបទដាច់ស្រយាល​ ទៅទីប្រជុំជនសម្រាប់ប្រជាជនធ្វើដំណើរនិងដោះដូរទំនិញ​ បង្ខិតសាលារៀនមកនៅជិតផ្ទះដើម្បីឱ្យកូនចៅយើងបានរៀនសូត្រ​យកចំណេះដឹងមកធ្វើការអភិវឌ្ឍន៍គ្រួសារ​ សហគមន៍មូលដ្ឋានបានរីកចម្រើន​កាត់បន្ថយបាននូវភាពក្រីក្រ​ វិស័យជំនឿសាសនាត្រូវបានបើកទូលាយ​ ជាដើម​។ល។

ក្នុងឱកាសនោះ​ដែរនាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន ​បានបន្តថាសន្តិសុខ​ សន្តិភាព​ សុវត្ថិភាព​ស្ថេរភាពនយោបាយពិតជារឿងសំខាន់ណាស់ព្រោះយើងបានមកដោយសារយកជិវិតទៅប្តូរ​ ដូចនេះយេីងទាំងអស់គ្នាត្រូវតែរួបរួមគ្នាឯកភាពផ្ទៃក្នុង​ ប្រកៀកស្មាគ្នា​បន្តថែរក្សាការពារឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយនេះជាមួយរាជរដ្ឋាភិបាលកម្ពុជា​ និងគណបក្សប្រជាជនកម្ពុជាយេីងឱ្យបានជាដាច់ខាត ដោយកុំជឿនូវការឃោសនាបោកបញ្ឆោតពីពួកអគតិ។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន បានពាំនាំនូវការសួរសុខទុក្ខ​ និងការថ្លែងអំណរគុណពីសំណាក់សម្តេចដែលជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់​ដល់មន្រ្តីរាជការ​ កងកំលាំងប្រដាប់អាវុធ​ លោកគ្រូ​អ្នកគ្រូ​ សិស្ស​ និស្សិតប្រជាពលរដ្ឋ​ទាំងអស់នៅខេត្តបន្ទាយមានជ័យដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧​ និងបានសំណូមពរឱ្យអ្នកបោះឆ្នោតទាំងអស់បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។

ជាមួយវប្បធម៌ចែករំលែក​ និងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋអ្នកមង្គលបុរីខេត្តបន្ទាយមានជ័យ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាននាំយកនូវអំណោយជាទ្រនាប់ដៃ​មាន៖

១៖ សមាជិក​ សមាជិកាចំនួន១៤៤៦នាក់​ ម្នាក់ៗទទួលបានសារ៉ុង១
២៖ ឧបត្ថម្ភសាខាបក្សភូមិទាំង៤១៧ក្នុង១សាខាបក្សភូមិទទួលបានថវិកា២០០.០០០រៀល