(ភ្នំពេញ)៖ ​ប្រជាពលរដ្ឋយ៉ាងច្រើនរហូតដល់ជាង៤០០នាក់ នៅផ្សារជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ បានចូលរួមបរិច្ចាគនៅថ្ងៃទី១៩ នៃយុទ្ធនាការ​រយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

លោក ពេជ្រ ស្រស់ អះអាងប្រាប់អង្គភាព Fresh News នៅថ្ងៃនេះយ៉ាងដូច្នេះថា «ព្រះអង្គ ប៊ុត ប៊ុនតិញ គ្រាន់តែប្រើពាក្យមួយម៉ាត់ គឺធ្វើឲ្យព្រះអង្គរួចផុតពី ការទទួល​ខុសត្រូវនូវការសាងសង់ចេតិយ ជូនលោកបណ្ឌិត កែម ឡី ទៅហើយ បើនិយាយឲ្យស្រួលស្តាប់ គឺព្រះអង្គគេចវេស ពីការទទួលខុសត្រូវ ចំពោះការសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី តែម្តង»។​

​​ប្រធានគណបក្សវ័យក្មេងរូបនេះ បានពន្យល់ថា «យោងតាមសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយសង្ឃដីការបស់ព្រះអង្គ ​ប៊ុត ប៊ុនតិញ ថា ព្រះអង្គមិនអាចជួយ ស្វែងរកថវិកាសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី បាននោះទេ ដោយហេតុថាព្រះអង្គគ្មានពេល។ នេះបើយោងសង្ឃដីការបស់ព្រះអង្គ ដែលបានផ្តល់បទ សម្ភាសន៍ដល់សារព័ត៌មានក្នុងពេលថ្មីៗ​នេះ។​ បើយើងពិចារណាចំពោះសង្ឃដីការបស់ព្រះអង្គ គួរកត់សំគាល់ថា សូម្បីតែព្រះអង្គជាសង្ឃគ្មានពេលហើយនោះ ចុះទម្រាំគ្រហស្ថ តើមានពេលមកពីណា ​ហើយឯណាទៅដែលព្រះអង្គមានបន្ទូលជាប្រចាំថា ព្រះអង្គជាអ្នកជិតស្និទ និងស្នេហាលោកបណ្ឌិត​ កែម ឡី នោះ? ​បើអ្នកជិតស្និទគ្មានពេលហើយនោះ សួរថា តើចេតិយលោកបណ្ឌិត អាចសាងសង់ឆាប់រួចរាល់ដែរទេ?»

ហេតុនេះហើយទើបលោក ពេជ្រ ស្រស់ អះអាងថា​ «ព្រះសង្ឃ ប៊ុត ប៊ុនតិញ គេចវេស​ពីការទទួលខុសត្រូវ ចំពោះការសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី តែម្ដង»។​

សូមជំរាបថា យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕