(កណ្ដាល)៖ លោកស្រី ឃួន សុដារី សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍គណ:ពង្រឹងមូលដ្ឋានស្រុកលើកដែក បានពង្រឹងឆន្ទៈមន្ដ្រីខ្លួន ក្នុងការបំពេញមុខងារ តាមតួនាទីរបស់ខ្លួន ដើម្បីជួយដោះស្រាយ រាល់បញ្ហាប្រឈម និងសុខទុក្ខដល់ប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ជាដាច់ខាត។

លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ជាសមាជិក សមាជិកាក្រុមការងារគណបក្សស្រុក ចុះជូយឃុំ នៅថ្ងៃទី១៩សីហានេះ។

ទន្ទឹមនឹងនោះ លោកស្រី ក៏បានពង្រីកឆន្ទៈ បង្កើនសកម្មភាព ផ្សព្វផ្សាយគោលនយោបាយបក្ស ការធ្វើអំពើល្អ, រក្សា និងពង្រឹងបន្ថែម ស្មារតីសាមគ្គីភាពផ្ទៃក្នុងបក្ស មានរបៀបរបប ធ្វើការងារច្បាស់លាស់ ត្រឹមត្រូវ ច្បាស់លាស់ ដើម្បីឈានដល់ការជួយដោះស្រាយ រាល់បញ្ហាប្រឈម និងសុខទុក្ខរបស់ប្រជាពលរដ្ឋ។

លោកស្រី ឃួន សុដារី ក៏បានថ្លែងអំណរគុណ ដល់មន្រ្តីបក្សគ្រប់ថ្នាក់ នៅមូលដ្ឋាន ដែលបានគាំទ្រ កម្មវិធីនយោបាយគណបក្សរៀងរហូតមក ហើយបច្ចុប្បន្ន កំពុងធ្វើសកម្មភាព បំពេញមុខងារតាមតួនាទី ដើម្បីពង្រឹងរចនាសម្ពន្ធ័ ការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ពិសេសទៀត គឺការចុះជួបគ្រួសារបក្ស ការចិញ្ចឹមចលានាបក្ស ការពង្រឹង និងពង្រីកបក្ស ពិសេស ចុះជួយប្រជាពលរដ្ឋនៅស្រុកលើកដែក គ្រប់ការលំបាកទាំងអស់ បានទាន់ពេលវេលា។

គួររម្លឹកថា ប្រជាពលរដ្ឋ ដែលរស់នៅស្រុកលើកដែក កាលពីកន្លង ក៏បានស្នើសុំ ធ្វើផ្លូវវាង ពង្រីកផ្លូវ និងលើកកម្ពស់ផ្លូវ ប្រវែង៥១០ម៉ែត្រ​ ទទឹង៥ម៉ែត្រ ក្នុងខ្ពបអាទាវ ពីគណ:ពង្រឹងមូលដ្ឋានស្រុកលើកដែក ហើយបច្ចុប្បន្ននេះ ផ្លូវនេះ កំពុងតែដំណើរការធ្វើជិតរួចរាល់ហើយ តាមសំណើររបស់ពួកគាត់៕