(ព្រៃវែង)៖ លោក ស សុខា អ្នកតំណាង​រាស្រ្ត​មណ្ឌល​​ព្រៃវែង​ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយក្រុមការងារ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ ​​​ចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាបលរដ្ឋ ចំនួន៥០០គ្រួសារ នៅស្រុកពោធិ៍រៀង។

​ក្រុមជំនួយការលោក ស សុខា បានឲ្យដឹងថា ក្រៅពីនេះលោក ស សុខា និងលោក ជា សុមេធី បន្ដសំណេះសំណាល​ជាមួយលោកគ្រូ អ្នកគ្រូ​ និងកម្មវិធីលាងសម្អាតដៃ​ ជូនដល់សិស្សានុសិស្ស​ និងកុមារ​ នៅសាលាបឋមសិក្សាព្រុំសុនក្តីកណ្តាល​ ក្រុងព្រៃវែង​​ និងបឋមសិក្សាព្រៃវែង។​

អំណោយដែលចែកជូនដល់ពលរដ្ឋចំនួន៥០០គ្រួសារនោះ រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាក្នុងមួយគ្រួសារ ២ម៉ឺនរៀល។

ដោយឡែកសិស្សានុសិស្សនៅបឋមសិក្សាព្រុំសុនក្ដីកណ្ដាល និងបឋមសិក្សាព្រៃវែង បានរៀបចំពិធីលាងសម្អាតដៃ ហើយក៏ទទួលបានសម្ភារៈសិក្សា និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា​ ការរួមគ្នាលាងសម្អាតដៃ​ ថ្ងៃនេះ​​ជាគំរូ​ និងលើកទឹកចិត្តដល់កុមារ​ ក៏ដូចជាប្រជាជនទាំងអស់យល់ថាអនាម័យ​ នាំមកនូវសុខភាពល្អ៕