(ភ្នំពេញ)៖ ខណៈដែលការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីមកដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ បានបង្ហោះនៅលើបណ្តាញសង្គម Facebook ជូនពរដល់កីឡាករ-កីឡាការិនី កម្ពុជាដែលទៅ ចូលរួមប្រកួតនៅ ប្រទេសម៉ាឡេស៊ី ខាងមុខនេះ ឲ្យទទួលបានជោគជ័យ ដើម្បីនាំមកនូវមេដាយថ្មីៗ ច្រើនទៀតសម្រាប់ប្រទេសជាតិ។

យោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឮយ៉ាងដូច្នេះថា «ជូនពរជនរួមជាតិ ជួបតែសេចក្តីសុខ សំណាងល្អ និងរីករាយថ្ងៃចុងសប្តាហ៍ និង ជូនពរ កីឡាករ កីឡាការិនីកម្ពុជា ដែលទៅចូលរួមប្រកួត នៅប្រទេស ម៉ាឡេស៊ី ខាងមុខនេះទទួលជោគជ័យ នាំមកនូវមេដាយថ្មីៗ ច្រើនទៀត សម្រាប់ប្រទេសជាតិយើង»

គួរបញ្ជាក់ថា ប្រតិភូ ថ្នាក់ដឹកនាំ និងអត្តពលិកជម្រើសជាតិកម្ពុជាជាច្រើននាក់ ក៏បានធ្វើដំណើរទៅចូលរួម ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលរៀបចំពិធីបើកការប្រកួតផ្លូវការ នាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះហើយ។

ក្រៅពីកម្ពុជា នៅក្នុងពញរឹត្តិការណ៍នេះ ក៏នៅមានប្រតិភូ ថ្នាក់ដឹកនាំគ្រូបង្វឹក និងកីឡាករ-កីឡាការិនីរាប់ពាន់នាក់ ចូលរួមអបអរមហាព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះផងដែរ៕