(ព្រៃឈរ, ខេត្តកំពង់ចាម)៖ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាដ៏ថ្មីសន្លាងមួយ ដែលបានចំណាយពេលវេលាសាងសង់ចំនួន ០៣ខែ និងចំណាយថវិកាចំនួន ៨៨.៩៦៣,៨០ដុល្លារ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ចាម។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក លន់ លឹមថៃ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម លោក គួច ចំរើន អភិបាល ខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ ព្រមទាំងសមាជិក-សមាជិកាថ្នាក់កណ្តាល និងសមាជិកគណៈកម្មាធិការគណបក្សស្រុក និងឃុំ ទាំង១៥ នៃស្រុកព្រៃឈរជាង ២០០នាក់។

ជាកិច្ចចាប់ផ្តើម លោក សំ សិរីរតន៍ អនុប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងជាប្រធានក្រុមការងារចុះជួយឃុំខ្វិតធំ បានរាយការណ៍អំពីមូលហេតុដែលនាំឲ្យកើតមានសមិទ្ធផលនាថ្ងៃនេះថា ក្រោយពីមានគំនិតផ្តួចផ្តើមពីលោក ប៉ាន សូរស័ក្តិ រួចមក លោក និងក្រុមការងារ បានស្វែងរកក្រុមហ៊ុនសំណង់មករៀបចំសាងសង់អគារទីស្នាក់ការ ក្រាលបេតុងទីធ្លា និងជួសជុលកែលំអទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ ដើម្បីជាគុណប្រយោជន៍ពង្រឹង និងពង្រីកមូលដ្ឋានគ្រឹះ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារគណបក្សស្រុកគ្រប់ជំនាន់។

លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់លោក សំ សិរីរតន៍ និងក្រុមការងារចុះជួយឃុំខ្វិតធំ ដែលបានលះបង់ធនធានផ្ទាល់ខ្លួនក្នុងការសាងសង់សមិទ្ធផលដ៏ស្រស់ស្អាតនាថ្ងៃនេះ។ ជាមួយគ្នានេះដែរ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់ក្រុមការងារចុះជួយស្រុកព្រៃឈរគ្រប់លំដាប់ថ្នាក់ ដែលបានកសាងសមិទ្ធផលជាច្រើនដូចជា៖ ការជួសជុលផ្លូវ ដាក់ប្រព័ន្ធលូ ការសង់ផ្ទះ និងអណ្តូងទឹក ការផ្តល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនសមាជិកបក្សក្រីក្រ ការឧបត្ថម្ភដល់ស្ត្រីឆ្លងទន្លេ និងសមាជិកគ្រួសារទទួលមរណៈភាព រួមទាំងការចូលរួមសកម្មភាពមនុស្សធម៌ និងសាសនា។ល។

លោក ប៉ាន សូរស័ក្តិ ក៏បានសំណូមពរសមាជិក-សមាជិកា ចូលរួមថែរក្សាសមិទ្ធផលទាំងឡាយ ដើម្បីទុកជាសម្បត្តិរួម និងជាគុណប្រយោជន៍សម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត។ លើសពីនេះ លោកប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ ក៏បានសំណូមពរសមាជិក-សមាជិកាទាំងអស់ចុះជួយឃុំ និងភូមិនៅទូទាំងស្រុកព្រៃឈរឡើងវិញ ហើយត្រូវប្រកាន់ខ្ជាប់គោលជំហរមុត មាំក្នុងការអនុវត្តលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងកម្មវិធីនយោបាយគណបក្ស ក៏ដូចជាកម្មវិធីនយោបាយរាជរដ្ឋាភិបាល ឲ្យកាន់តែបានល្អ និងមានប្រសិទ្ធភាពខ្ពស់ សំដៅបង្កើនប្រជាប្រិយភាពរបស់គណបក្ស និងរក្សាប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដល់ឯកឧត្តម ប៉ាន សូរស័ក្តិ និងក្រុមការងារក្រសួងពាណិជ្ជកម្ម រួមជាមួយគណបក្សខេត្ត ស្រុកព្រៃឈរ និងឃុំទាំង១៥ ដែលបានចុះជាប់ជាមួយប្រជាពលរដ្ឋគ្រប់ឃុំ ភូមិ និងគ្រួសារ ដែលក្នុងនោះបានពន្យល់ឲ្យប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លើសនេះទៀត លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់គណបក្សខេត្ត បង្កើតរចនាបទរបស់មន្ទីរបក្សឃុំ ដើម្បីជារចនាបទគំរូមួយសម្រាប់ផ្តល់ឲ្យគណបក្សស្រុកប្រើប្រាស់សាងសង់មន្ទីរបក្សឃុំនៅតាមបណ្តាឃុំទូទាំងខេត្ត។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បច្ចុប្បន្នកម្ពុជា មានសុខសន្តិភាពពេញបរិបូណ៌ ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ឯកភាពទឹកដីទាំងស្រុង និងការអភិវឌ្ឍគ្រប់ទីកន្លែង។ លើសពីនេះ ទៀតអន្តរជាតិ បានគត់សម្គាល់ថា កម្ពុជាមានការផ្លាស់ប្តូរល្អប្រសើរពីកំណើនសេដ្ឋកិច្ចទាប មកកំណើនសេដ្ឋកិច្ចខ្ពស់នៅរយៈពេល ១០ឆ្នាំចុងក្រោយ។ កម្ពុជាសម្រេចបានគោលដៅអភិវឌ្ឍន៍សហវត្សរ៍ និងជាប្រទេសទី១ក្នុងអាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបានការកែលម្អផ្នែកសង្គមកិច្ច ពិសេសគឺកាត់បន្ថយភាពក្រីក្រលើសពីមួយភាគរយក្នុងមួយឆ្នាំ និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប៕