(ភ្នំពេញ)៖ បុរសម្នាក់ដែលត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់ប្រហារចំនួន៣គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីយប់មិញ ត្រូវបានសមត្ថកិច្ចបង្ហាញ អត្តសញ្ញាណហើយ មានឈ្មោះ ញៀន​ សុផាត ​អាយុ៣១ឆ្នាំ​ ស្នាក់នៅផ្ទះជួល​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ មានមុខរបរ​សន្តិសុខឯកជន​របស់ក្រុមហ៊ុន «SPES»

តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋាន និងមិត្តភ័ក្ររបស់ជនរងគ្រោះ បានឲ្យដឹងថា ករណីបាញ់ប្រហារដែលបានកើតឡើង នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ គឺស្ថិតនៅក្បែរអង់តែនទួលគោក ក្នុងទឹកដីសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ហើយមកដល់ព្រឹកថ្ងៃទី១៩ ខែសីហានេះ ជនរងគ្រោះកំពុងបន្ដសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យលោកសង្ឃ ដោយមុខរបួសមិនទាន់ធូរស្រាលនៅឡើយទេ។

មិត្តភ័ក្រជនរងគ្រោះនៅព្រឹកថ្ងៃនេះ បានទៅចង្អុលទីតាំងកើតហេតុ ដែលខ្មាន់កាំភ្លើង​បាញ់ប្រហារ។ មិត្តភ័ក្ររបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News យ៉ាងដូច្នេះថា «​ខ្លួន និងមិត្តភ័ក្រ្តមា្នក់ទៀត​ ជិះម៉ូតស្មាស់ ពណ៌ខ្មៅស៊េរី2014​ មើលកូនចៅតាមគោលដៅយាម​ ព្រោះខ្លួនជាមេតំបន់​ លុះមកដល់ចំណុចអង់តែន ទួលគោក​ បានឃើញមនុស្សប្រុសម្នាក់​ អាយុ​ប្រហែលជាង៣០ឆ្នាំ​ កំពុងអង្គុយក្នុងរថយន្ត​ លុចស៊ីស RX300​ ពណ៌ស។ ពេលនោះខ្លួន(រងគ្រោះ)​ បានជិះទៅក្បែរស្រាប់តែ​ ជនបង្កបាញ់ស្រោចមកលើខ្លួនតែម្តង​ ហើយបើករថយន្តគេចបាត់ទៅ​»

យ៉ាងណា​ក៏ដោយ អំពើបាញ់ប្រហារទៅលើជនរងគ្រោះខាងលើនេះ មិនមានការបញ្ជាក់ពីមូលហេតុនៅឡើយទេថា ផ្ដើមចេញពីករណីអ្វីឲ្យពិតប្រាកដ ខណៈដែលសមត្ថកិច្ច ពាក់ព័ន្ធបាននិងកំពុងធ្វើការស្រាវជ្រាវនៅឡើយ។ ជនរងគ្រោះត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន៣គ្រាប់ ចំដៃខាងស្ដាំ ថ្ពាល់ខាងឆ្វេង និងទ្រូងខាងស្ដាំ។

សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រថ្ងៃទី១៩ ខែសីហា ក៏មានករណីបាញ់ប្រហារ ទៅលើនារីកម្មការិនីកាត់ដេរម្នាក់ ក្នុងមូលដ្ឋានសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង ដែលសមត្ថកិច្ចសន្និដ្ឋានជាជំហ៊ានដំបូងថា ផ្ដើមចេញពីទំនាស់ពាក្យសម្ដីនៅនឹងកន្លែងកើតហេតុ ខណៈដែលជនបង្ក និងបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕