(ភ្នំពេញ)៖ ម្ចាស់ហាងបញ្ចាំម្នាក់​ នៅខណ្ឌសែនសុខ ត្រូវចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក គឹម រ័ត្នណារិន ចេញដីកាបង្គាប់ឲ្យ​ឃុំខ្លួន នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពី​ព្រះ​រាជ​អាជ្ញារង លោក ស៊ិន វីរៈ ​បាន​​ចោទប្រកាន់​​ពី​បទ​ «ទទួល​ផល​ចោរ​កម្ម​» តាម​មាត្រា​៣៩៩ និង​មាត្រា​៤០០ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​២ឆ្នាំ ​ទៅ​៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល​ទៅ​១០លាន​រៀល​។​ នេះបើតាមមន្ដ្រីតុលាការ ប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិច។

សូមបញ្ជាក់ថា កាលពីព្រឹកមិញ ម្ចាស់​ហាង​បញ្ចាំ​ម្នាក់​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការតាម​ច្បាប់​។

មន្ត្រី​តុលាការ​ថ្លែង​ថា​ ម្ចាស់​បញ្ចាំ​រូប​នេះ​មាន​ឈ្មោះ​ សុត​ ពិសិដ្ឋ​ ភេទប្រុស​។​ ការបញ្ជូនម្ចាស់ហាងបញ្ចាំមកកាន់តុលាការខាងលើនេះ បានធ្វើឡើង បន្ទាប់ពីកម្លាំងប្រតិបត្តិការ បានចុះទៅឆែកឆេរឃ្លាំងបញ្ចាំមួយនេះ ដោយរកឃើញម៉ូតូ និងរថយន្តអត់បង់ពន្ធជាង៥០គ្រឿង។

សមត្ថកិច្ចខណ្ឌសែនសុខបានទម្លាយប្រាប់ភ្នាក់ងារ Fresh News ថា មានមន្ត្រី និងអ្នកជំនួញមួយចំនួនបានព្យាយាមអន្តរាគមន៍ឲ្យមានការដោះលែង បុរសម្នាក់ជាម្ចាស់ទីតាំង ឃ្លាំងស្តុកម៉ូតូ និងរថយន្តរបស់ហាងបញ្ចាំនេះ។ សមត្ថកិច្ចបានបន្តថា «ទោះជាមានអន្តរាគមន៍ពីមជ្ឈដ្ឋានថ្នាក់ណាក៏ដោយ អាជ្ញាធរគ្រប់ជំនាញ នៅខណ្ឌសែនសុខ មិនហ៊ានលែងឈ្មោះ សុត​ ពិសិដ្ឋ ដែលជាម្ចាស់ទីតាំងនោះបានទេ ដោយបានបញ្ជាក់ថា នេះជាបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាការសារទរពីមហាជនគ្រប់ស្រទាប់វណ្ណៈដើម្បីការពារ ប្រឆាំងនឹងអំពើរ លួច ឆក់ ប្លន់ និងបញ្ហាសង្គមផ្សេងៗ»។

ប្រតិបត្តិការ​ក្តៅ​នៃ​ការ​ឆែកឆេរ​ ត្រួតពិនិត្យ​ ហាង​បញ្ចាំ​ខុសច្បាប់​ទូទាំង​រាជធានី​ភ្នំពេញនេះ​គឺ​បទបញ្ជា​របស់​លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ទប់ស្កាត់​ បង្ការ​នូវ​បទល្មើស​ទាំងឡាយ​។​ ព្រោះ​ជនល្មើស​ប្រព្រឹត្ត​បទល្មើស​រួច​ហើយ​ គ្មាន​កន្លែង​ទទួល​បញ្ចាំ​ខុសច្បាប់​នោះ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ ក៏​អាច​កាត់បន្ថយ​ដែរ​។​ លោក​អភិបាល​រាជធានី​ភ្នំពេញ​ ធ្លាប់​ព្រមាន​ហើយ​ថា​ ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​។​

សូមជំរាបថា កម្លាំងចម្រុះរបស់ខណ្ឌសែនសុខ​ មាន​ការ​ចូលរួម​ពី​លោក ប៉ិល កុសល អភិបាល​ខណ្ឌ​សែនសុខ​ សហការជាមួយកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានចុះធ្វើការត្រួតពិនិត្យឃ្លាំងស្តុកម៉ូតូ និងរថយន្តរបស់ហាងបញ្ចាំមួយកន្លែង ក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពី​ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។

អភិបាលខណ្ឌសែនសុខ លោក ប៉ិល កុសល បានប្រាប់ភ្នាក់ងារ Fresh News ថា ជាលទ្ធផលសម្រេចបានក្នុងការងារជាតួរលេខឃើញថា ម៉ូតូអត់មានឯកសារ ចំនួន៥៤គ្រឿង ក្នុងចំណោមម៉ូតូចម្រុះ៧៤គ្រឿង រថយន្តអត់មានឯកសារចំនួន២គ្រឿង ក្នុងចំណោមរថយន្តចំនួន១០គ្រឿង។ សមត្ថកិច្ចបន្តទៀតថា ទាំងម៉ូតូ និងរថយន្តអត់មានឯកសារគ្រប់គ្រាន់នោះ ត្រូវបានសមត្ថកិច្ចដកហូត យកទៅរក្សាទុកជាបណ្តោះអាសន្ន៕