(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសតែងតំាងលោក ផា ណង ជាអនុប្រធានមន្ទីរនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ត្រូវឡើងកាន់តំណែងជាប្រធានមន្ទីរ ជំនួសលោក ញ៉ឹក បានខេង ដែលត្រូវបានប្រកាសឡើងមុខតំណែងជាអភិបាលរងខេត្តកំពង់ធំ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ឌុច សុវណ្ណារី រដ្ឋលេខាធិការ តំណាងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីពាក់ព័ន្ធ និងនិស្សិត ផងដែរ។

លោក សុខ លូ បានលើកឡើងថា ការប្រកាសឡើងកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែក អ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកអភិបាលខេត្ត បន្ថែមទៀតថា «តួនាទីរបស់មន្ត្រីទំាងអស់ គឺគ្មានប្លង់កម្មសិទ្ធិនោះទេ វាគឺជារបស់ក្រៅខ្លួន ហើយសូមមន្ទីរអង្គភាពទំាងអស់ ខិតខំជំរុញការងារបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសបើកវគ្គបណ្តុះបណ្តាល ឲ្យចំទៅតាមជំនាញដែលជាតម្រូវការចំាបាច់ និងសិក្សាឲ្យបានលម្អិតទៅតាមផ្នែកនីមួយៗ ដើម្បីផ្តល់នូវជំនាញច្បាស់លាស់ ឆ្លើយតបនឹងការងារជាក់ស្តែង»។

លោក ឌុច សុវណ្ណារី បានណែនាំឲ្យប្រធានមន្ទីរដែលទើបនឹងទទួលបានការតែងតំាងថ្មីនេះ ត្រូវសហការជាមួយ មន្ទីរអង្គភាពជុំវិញខេត្ត សូមមើលគម្រូប្រធានមន្ទីរចាស់ គោរពឲ្យបាននូវតួនាទីភារកិច្ចរបស់ខ្លួន ត្រូវយកចិត្តទុកដាក់ សាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ គោរពអនុវត្តនូវបេសកកម្មរបស់ខ្លួន គោរពតាមអនុវសាសន៍ថ្នាក់ដឹកនាំខេត្ត និងអនុវត្តតាមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសការបន្តការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នីតិកាលទី៥ នៃរដ្ឋសភា ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងការផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព តាមរយៈការប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈរបស់មន្ត្រីរាជការ៕

លោក ផា ណង ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល, គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅ មតិណែនាំរបស់ក្រសួង ក៏ដូចជាទិសដៅរបស់ក្រសួងនានាដែលពាក់ព័ន្ធ, បន្តនិរន្តភាពការងារក្នុងមន្ទីរ លើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស គោរពពេលវេលា, ជាមួយគ្នានោះលោកនឹងរក្សា និងថែទាំសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកំលាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ។