(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ បានសម្ដែងនូវការអរគុណដល់ស្ដ្រី ដែលបានយកប្ដី ជាជនពិការ ព្រោះជនពិការក៏ជាមនុស្សដូចគ្នាដែរ ហើយ​ជោគវាសនារបស់មនុស្សម្នាក់ៗ នៅថ្ងៃអនាគតមើលមិនឃើញនោះទេ។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានរងរបួស​កែវភ្នែកខាងឆ្វេង ​ដោយសារតែភ្លើងសង្គ្រាម ​ហើយឈានដល់ថ្នាក់ពិការនោះ បានលើកឡើងថា ភរិយារបស់សម្ដេច គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានស្រលាញ់សម្ដេចក៏មិនបានគិតពីរឿងពិការដូចគ្នា ហើយកាលនោះ​ សម្ដេចក៏មិនក្លាយជានាយករដ្ឋមន្ដ្រីដែរ។

​និយាយដល់ចំណុចដែល ​សម្ដេចតេជោ ហ៊ុន សែន សួរទៅគ្រូបង្វឹកកីឡាករជនពិការជាស្រ្ដីម្នាក់ ដែលបានយកប្ដី​ជាជនពិការ​នោះ គឺលោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា សម្ដេច​មានប្រសាសន៍យ៉ាងដូច្នេះថា «ក្មួយកុំប្រកាន់ ឃើញគ្នាពិការបែរជាមិនស្រលាញ់ទេ ចឹងទេអបអរសាទរ ដែលបានយកប្ដីពិការ ព្រោះប្រពន្ធខ្ញុំក៏ចឹងដែរ»

នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកពីរឿងផ្ទាល់ខ្លួនថា ប្រពន្ធរបស់សម្ដេច ស្រលាញ់សម្ដេចមិនដឹងថានឹងក្លាយជានាយករដ្ឋមន្ដ្រីនោះទេ ហើយវាសនារបស់ មនុស្សម្នាក់ៗនៅថ្ងៃអនាគត ក៏មើលមិនឃើញដូចគ្នាដែរ មួយវិញទៀត ហើយយើងជាជនពិការមិនត្រូវលាក់បាំងការពិតនោះទេ ខណៈដែលសម័យកាលនោះ មិត្តភ័ក្ររបស់សម្ដេចបានប្រាប់ថា កុំប្រាប់ប្រពន្ធថាខ្លួនពិការអី ប៉ុន្ដែសម្ដេចថាប្រសិនបើគេស្រលាញ់យើងពិតមែន គេមិនខ្វល់ថាយើងជាជនពិការឡើយ។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា មានមនុស្សខ្លះបាន​ប្រមាថដល់ជនពិការ ដោយបូករួមទាំងសម្ដេចផងដែរ ក៏ធ្លាប់ទទួលនូវពាក្យប្រមាថដូចគ្នា ហើយខ្លះទៀតក៏យកប្ដីជាជនពិការ ប៉ុន្ដែសម្ដេចអះអាងថា ជនពិការក៏ជាមនុស្សដូចគ្នាដែ​រ​ដូច្នេះមិនត្រូវប្រើពាក្យប្រមាថឡើយ។

សូមជម្រាបថា ការថ្លែងរបស់សម្ដេចបែបនេះ ត្រូវបានធ្វើឡើង ក្នុងឱកាសអញ្ជើញបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករ ជ័យលាភី ក្នុងការប្រកួតកីឡា ប៉ារ៉ាឡាំពិកយុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ និងការសំណេះសំណាលជាមួយ​ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួតកីឡា ជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាវិមានសន្ដិភាព៕