(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងសាកលវិទ្យាល័យពុទ្ធសាសនាវៀតណាម គ្រោងចុះកិច្ចសហប្រតិបត្តិការល្អ (MoU) ក្នុងគោលបំណង ពង្រឹងគុណភាពអប់រំ នៅពេលឆាប់ៗខាងមុខនេះ។ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ព្រះរាជាគណៈថ្នាក់ទោ និងជាព្រះសាកលវិទ្យាធិការរងទទួលបន្ទុក ដឹកនាំគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាថា នៅពេលអនុស្សរណៈនៃការយោគយល់ ត្រូវបានចុះហត្ថលេខា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងក្លាយជា សាកលវិទ្យាល័យពុទ្ធសាសនា ដំបូង នៃកម្ពុជា ដែលមានMOU ជាមួយសាកលវិទ្យាល័យពុទ្ធសាសនានៃប្រទេសវៀតណាម។

ការប្រកាសពីគម្រោងនៃការចុះ MoU នេះ បានធ្វើឡើង ខណៈគណៈប្រតិភូនៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ដឹកនាំដោយព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ព្រះរាជាគណៈថ្នាក់ទោ និងជាព្រះសាកលវិទ្យាធិការរងទទួលបន្ទុកដឹកនាំគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានជួបពិភាក្សាជាមួយ ព្រះតេជព្រះគុណ បណ្ឌិត ធិច ជីក្វាង ព្រះសង្ឃនាយករងប្រតិបត្តិនៃ គណៈសង្ឃពុទ្ធសាសនាវៀតណាម និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យពុទ្ធសាសនាវៀតណាម-ទីក្រុងហូជីមិញ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងកិច្ចពិភាក្សានោះ មានកំណត់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងសាកលវិទ្យាល័យ ពុទ្ធសាសនាវៀតណាម នឹងចុះកិច្ចសហប្រតិបត្តិដោយផ្តោតលើ ចំណុចអាទិភាព៤សំខាន់ៗរួមមាន៖

១៖ ផ្លាស់ប្តូរកម្មវិធីសិក្សានិងបទពិសោធន៍ក្នុងការសិក្សា និងផ្សព្វផ្សាយព្រះពុទ្ធសាសនា

២៖ ផ្លាស់ប្តូរសាស្ត្រាចារ្យ និងនិស្សិតទៅវិញទៅមក

៣៖ សហការរៀបចំសិក្ខាសាលា និងសន្និសីទរួមគ្នា

៤៖ គាំទ្រគ្នាទៅមក ក្នុងឋានៈសាកលវិទ្យាល័យទាំងពីរ ជាសមាជិកស្ថាបនិកនៃសមាគម សាកលវិទ្យាល័យ ពុទ្ធសាសនាអន្តរជាតិ ដែលបច្ចុប្បន្ននេះមានសាកលវិទ្យាល័យជិត១០០ជាសមាជិក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា នៅក្នុងដំណើរដឹកនាំ គណៈប្រតិភូនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ពសស) ទៅកាន់ ទីក្រុងព្រៃនគរ ប្រទេសវៀតណាម លើកនេះបានបំពេញការងារ មួយចំនួនរួមមាន ថ្វាយបង្គំគាល់សួរសុខទុក្ខ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស នៅមន្ទីរពេទ្យថុងញឹត, ទស្សនា នមស្សការ និងប្រគេនថ្លៃចង្ហាន់មួយថ្ងៃ ដល់ព្រះសង្ឃនៅវត្តខ្មែរច័ន្ទរង្សី។

ក្រៅពីនោះ គណៈប្រតិភូពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក៏បានទស្សនកិច្ចសិក្សា និងនមស្សការនៅ វត្តហ្វាប់មិញហ្សឹងគង វត្តចម្រុះពុទ្ធសាសនាថេរវាទ-មហាយាន, ហើយក៏បានជួបពិភាក្សាជាមួយសម្តេច បណ្ឌិត ធិច ជីក្វាង ព្រះសង្ឃនាយករងប្រតិបត្តិនៃគណៈសង្ឃពុទ្ធសាសនាវៀតណាម និងជាសាកលវិទ្យាធិការនៃសាកល វិទ្យាល័យពុទ្ធសាសនាវៀតណាម។ បន្ថែមពីលើនោះ បាននិមន្ត ព្រះមហាថេរ៦អង្គ តំណាងគណៈសង្ឃ ពុទ្ធសាសនាវៀតណាម ចូលគាល់សួរសុខទុក្ខ និងថ្វាយព្រះពរសម្តេចព្រះសង្ឃរាជ ទេព វង្ស នៅមន្ទីរពេទ្យថុងញឹត ទីក្រុងព្រៃនគរផងដែរ៕​​​​​​​