(ឧត្តរមានជ័យ)៖ រថយន្តក្រុងក្រុមហ៊ុន «ថេត ស៊ុនអ៊ូរ» ចំនួន៤៥កៅអី បើកធ្លាក់ពីលើផ្លូវជាតិ១៧១ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ ​តែសំណាងណាស់ អ្នកជិះពេញជាច្រើននាក់ មិនរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ពោលបណ្តាលឲ្យមនុស្ស២នាក់រងរបួស​ ចំណែកអ្នករួមដំណើរផ្សេងពុំរបួសឡើយ។

គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ១៧១ ផ្លូវកោងចន្លោះបង្គោលគីឡូម៉ែតលេខ១៥-១៦ ស្ថិតក្នុងភូមិឈូកមាស សង្កាត់កូនគ្រៀល ក្រុងសំរោង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង គឺរថយន្តដឹកអ្នកដំណើឈ្មោះ «ថេត ស៊ុនអ៊ូរ» ពាក់ស្លាកលេខ ភ្នំពេញ 3C- 6832 (បើកបរជ្រុលចង្កូតធ្លាក់ពីលើផ្លូវ) អ្នកបើកបរថយន្ត ឈ្មោះ ហួ សុងហេង អាយុ៣៣ឆ្នាំ រស់នៅភូមិម៉ូឈាយ ឃុំសំព្រូច ស្រុកស្ទោង ខេត្តកំពងធំ។

សមត្ថកិច្ចបន្តថា ករណីនេះបានបណ្តាលឲ្យ អ្នករួមដំណើរជាមួយចំនួន២នាក់រងរបួស៖ ទី1-ឈ្មោះសំរឹទ្ធ ពៅ ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅភូមិ ក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ រងរបួសធ្ងន់ និងទី២-ឈ្មោះ មេត្តា ភេទស្រី  អាយុ៤៥ឆ្នាំ រស់នៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី  ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិកររងរបួសស្រាល។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ រថយន្តបើកបរហួសល្បឿន​ ដោយមិនដឹងពីស្ថានភាពផ្លូវ និងភូមិសាស្ត្រទើបបង្កមាន​ករណីគ្រោះថ្នាក់សំណាងអ្នករួមដំណើរ មិនបណ្តាលអោយស្លាប់។

ករណីនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កូនគ្រៀល បានចុះទៅដល់កន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះទៅ​មន្ទីពេទ្យរួចរាល់​ផងដែរ៕