(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ បានកោះអញ្ជើញប្រតិបត្តករទូរស័ព្ទចល័តទាំង៧ រួមមានក្រុមហ៊ុនស្មាត ក្រុមហ៊ុនសែលកាត ក្រុមហ៊ុនមិត្តហ្វូន ក្រុមហ៊ុន CADCOMMS ក្រុមហ៊ុន Seatel ក្រុមហ៊ុន EMAXX ក្រុមហ៊ុន CooTel មកប្រជុំរំលឹកឡើងវិញ អំពីការអនុវត្តលក់ ឬចែកចាយស៊ីមកាតទូរស័ព្ទចល័ត ដោយមិនយកអត្តសញ្ញាណបណ្ណ ឬឯកសារសម្គាល់អត្តសញ្ញាណ ពីអ្នកទិញ ឬជួលជាវស៊ីមកាតទូរស័ព្ទចល័ត ស្របតាមសារាចរណែនាំ អន្តរក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃ និងច្បាប់ស្តីពីទូរគមនាគមន៍ ដែលជាបុព្វហេតុនាំឲ្យប៉ះពាល់ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ និងមិនអាចរកជនប្រព្រឹត្តឃើញ។

កិច្ចប្រជុំនេះ ដឹកនាំដោយនិយ័តករទូរគមនាគមន៍កម្ពុជា អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ និង អគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមអធិបតីភាព លោក ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា។

ក្រោយបញ្ចប់នៃកិច្ចប្រជុំនេះ លោក អ៉ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា និយ័តករទូរគមនាគមន៍កម្ពុជា កំណត់ឲ្យក្រុមហ៊ុនទាំងនោះ    បញ្ឈប់ទាំងស្រុងលើការបើកឲ្យដំណើរមុន រាល់ស៊ីមកាតមិនទាន់លក់ឬចែកចាយ (Pre-Active) និង មិនបើកឲ្យដំណើរការនៅពេលអ្នកទិញ ឬអ្នកចែកចាយបន្ត មិនមានអត្តសញ្ញាណបណ្ណ ឬឯកសារសម្គាល់អត្តសញ្ញាណ នៃអ្នកទិញឬជាវស៊ីម ត្រឹមថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៧។

លោកបន្ថែមថា ចំពោះបញ្ហានេះ ក្រុមហ៊ុនទាំងទូរស័ព្ទទាំងអស់ ត្រូវផ្តល់លិខិតជាលាយល័ក្ខអក្សរធានាថា ខ្លួនពិតជាអនុវត្តឲ្យបាន១០០% តាមការកំណត់នេះ។

អ្នកនាំពាក្យដដែលរូបនេះ បានបញ្ជាក់ទៀតថា និយ័តករទូរគមនាគមន៍ ក៏បានជំរុញឲ្យក្រុមហ៊ុនទាំងនោះ អនុវត្តន៍ការប្រើប្រាស់អត្តសញ្ញាណបណ្ណ ឬឯកសារសម្គាល់អត្តសញ្ញាណបណ្ណរបស់អ្នកទិញ ឬជាវស៊ីមកាតទូរស័ព្ទចល័ត ស្របតាមសារាចរណែនាំ អន្តរក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រសួងមហាផ្ទៃ លេខ ០០១ សរ.មផ.បទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ ហើយក្រុមហ៊ុនទាំំងអស់ត្រូវធានា និង រៀបចំកិច្ចសន្យាឲ្យបានច្បាស់លាស់រវាងក្រុមហ៊ុន និង អ្នកចែកចាយបន្តរបស់ខ្លួន ដោយសង្កត់ធ្ងន់លើផ្លូវច្បាប់ និងភាពទទួលខុសត្រូវ ចំពោះមុខច្បាប់ក្នុងការអនុវត្តនេះ ចៀសវាងឆ្លើយដាក់គ្នា។

លោក អ៉ឹម វុត្ថា បញ្ជាក់ទៀតថា ចាប់ពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៧តទៅ អគ្គស្នងការនគរបាលជាតិ សហការជាមួយអគ្គាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងនិយ័តករទូរគមនាគមន៍កម្ពុជា អនុវត្តតាមច្បាប់ដោយមិនយោគយល់ឡើយ។

សូមជម្រាបថា គិតត្រឹម​ឆមាសទី១ ឆ្នាំ២០១៧ នៅម្ពុជាមានអ្នកប្រើប្រាស់ទូរស័ព្ទចល័ត ប្រមាណជាង១៨លានស៊ីម។ និន្នន័យនេះបានធ្លាក់ បើធៀបនឹងឆ្នាំ២០១៦ ដែលឆ្នាំ២០១៦ អត្រាអ្នកជាវស៊ីមកាតទូរស័ព្ទ​ចល័តមានជិត២០លាននាក់៕