(ភ្នំពេញ)៖ ក្រុមហ៊ុន អ៉ីស្ត វេស ស៊ីដ (ខេមបូឌា) ខមភេនី លីមីធីត (East West Seed (Cambodia) Company Limited) ឬ ក្រុមហ៊ុនគ្រាប់ពូជ «ព្រួយក្រហម» បានបើកសម្ពោធក្រុមហ៊ុន របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅទីស្នាក់ការ នាបុរីពិភពថ្មី ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងពិធីសម្ពោធនោះ លោក Michel Devarrewaere អនុប្រធាននៃក្រុមហ៊ុន អ៉ីស្តវេស្តស៉ីដកម្ពុជា បាន លើកឡើងថា ក្រុមហ៊ុន អ៉ីស្ត វេស្ត ស៉ីដ ផ្តោតបេសកកម្មចំបងរបស់ខ្លួន គឺបម្រើកសិករខ្នាចតូច ហើយ ក្រុមហ៊ុននេះ បានយល់ដឹងពីតម្រូវការ របស់អតិថិជននៅក្នុងការដាំដុះ គ្រាប់ពូជ ប្រកបដោយជោគជ័យ។

លោក Michel Devarrewaere បន្តថា ក្រុមហ៊ុនទទួលស្គាល់ ការផ្តល់គ្រាប់ពូជ និងការចែករំលែក ចំណេះដឹង ជាដំណើរការមិនអាចកាត់ផ្តាច់ពីគ្នាបាន។ការផ្លាស់ប្តូរទំលាប់អនុវត្តនៅក្នុងកសិដ្ឋានអាចឲ្យកសិករទទួលបានអត្ថប្រយោជន៍ពេញលេញ នៃការប្រើប្រាស់ពូជ ប្រសើរឡើង និងទទួលបានបច្ចេកទេសថ្មី។ ភាគច្រើនមូលហេតុ ដែលកសិករខ្នាតតូច មិនទាន់អាចបង្កើនចំណូលរបស់គាត់ឲ្យប្រសើរឡើង គឺដោយសារតែ កត្តានៃការប្រើពូជ បច្ចេកទេស ដាំដុះ មិនល្អ និងព័ត៌មានទីផ្សារ។

ជាមួយគ្នានោះ លោក ទី សុគន្ធ រដ្ឋលេខាធិការក្រសួង រុក្ខាប្រមាញ់ និងនេសាទ​ បានលើកឡើងថា ក្រុមហ៊ុន គ្រាប់ពូជ «ព្រួញក្រហម» ជាក្រុមហ៊ុន ទំនើបមួយ ដែលមានការទទួលស្គាល់ និងបានធ្វើការយ៉ាងជិតស្និទ ជាមួយប្រជាកសិករខ្នាតតូច និង ខ្នាតមធ្យម និងធំទាំងអស់។ ដោយឡែក បន្លែ និងផ្លែឈើ នៅមានការ ខ្វះខាតនៅឡើយ នៅមានការនាំចូលពី ប្រទេសជិតខាង តម្រូវការបន្លែនៅកម្ពុជា គឺមានច្រើនណាស់ បើប្រៀបធៀបនឹងចំនួនប្រជាពលរដ្ឋ ដូចនេះ ការផលិតបន្លែនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្គត់ផ្គង់ទីផ្សារ នៅក្នុងស្រុក ជំនួសឲ្យការនាំចូល ពីព្រោះការនាំចូល មិនមានប្រភពច្បាស់លាស់ និងមិនធានាពីគុណភាពនោះទេ។

លោក ទី សុគន្ធ បានបន្តថា ប្រជាកសិករ គួរតែដាំដុះដោយខ្លួនឯង សម្រាប់ផ្គត់ផ្គង់ទីផ្សារ គឺជារឿងមួយដ៏ល្អ ប្រសើរ ដោយសារតែ ការដាំដុះខ្លួនឯង យើងអាចជ្រើសរើសពូជបន្លែ ដែលល្អ មានគុណភាព និងអាចជឿទុក ចិត្តបាន ហើយអ្វីទាំងអស់នេះ គឺមាននៅក្នុងក្រុមហ៊ុន អ៉ីស្ត វេស ស៊ីដ ឬ ក្រុមហ៊ុនគ្រាប់ពូជ «ព្រួញក្រហម» ដែលមានពាក្យស្លោកថា «ពូជល្អ គុណភាពល្អ និងទិន្នផលខ្ពស់»។

លោកស្រី Marieke Van Schie​ ដែលជាដៃគូដ៏ធំ របស់ក្រុមហ៊ុន អ៉ីស្ត វេស ស៊ីដ និង ជាប្រធានគម្រោង ឆេន នៃ អង្គការ SNV បានលើកឡើងថា កន្លងមក លោកអ្នកភាគច្រើន ធ្លាប់ឃើញមានតែកញ្ចប់គ្រាប់ពូជ ក្រុមហ៊ុន អ៉ីស្ត វេស ស៊ីដ ជាភាសាថៃ ឬភាសាវៀតណាម ប៉ុន្តែពេលនេះ យើងមានកញ្ចប់ គ្រាប់ពូជជាភាសាខ្មែរហើយ។

លោកស្រីថា លោកស្រី ពិតជាមានមោទនភាពណាស់ ក្នុងការនាំយកកញ្ចប់គ្រាប់ពូជ ដែលមានព័ត៌មានអំពី គ្រាប់ ពូជ ជាភាសាខ្មែរ ជូនទៅកសិករខ្មែរ ជាមួយនឹងការផ្តល់ព័ត៌មានបន្ថែមពីសំណាក់ភ្នាក់ងារ របស់លោកស្រី លើស ពីនេះ ក្រុមហ៊ុនលោកស្រី Marieke Van Schie​ នៅតែបន្តផ្តល់សេវាកម្មបច្ចេកទេស ជាប់ជានិច្ចដល់ កសិករ តាមរយៈ ក្រុមហ៊ុនផ្ទេរ ចំណេះដឹង បច្ចេកទេស ដើម្បីឲ្យប្រាកដថា កសិករគ្រប់រូប ដែលទិញគ្រាប់ពូជ ក្រុមហ៊ុន អ៉ីស្ត វេស ស៊ីដ ឬព្រួញក្រហម នឹងទទួលបានផលល្អ។

លោក កយ បូរិន ជាកសិករនៅស្រុកស្អាង ខេត្តកណ្តាល បានជ្រើសរើសការទិញគ្រាប់ពូជពី ក្រុមហ៊ុន អ៉ីស្ត វេស ស៊ីដ ឬព្រួញក្រហម យកមកដាំដំណាំ ដើម្បីយកទៅលក់នៅទីផ្សារ។ តាមការអះអាង របស់កសិកររូបនេះ បាន ឲ្យដឹងថា រយៈពេល៤ឆ្នាំហើយ ដែលលោកបានជ្រើសរើសការទិញគ្រាប់ពូជពីក្រុមហ៊ុន អ៉ីស្ត វេស ស៊ីដ។

លោក បូរិន បានប្រាប់ឲ្យដឹងថា គ្រាប់ពូជពីក្រុមហ៊ុន ព្រួញក្រហម គឺជាគ្រាប់ពូជល្អ ជាពិសេសគឺធន់ នឹង អាកាសធាតុ នៅតំបន់ត្រូពិក និងទទួលបានទន្និផលខ្ពស់។ លោកថា ដោយសារទិន្នផលមានគុណភាព លោក អាចរកចំណូលបានក្នុង១ខែ បានពី៧០០ ទៅ៨០០ដុល្លារ ដែលធ្វើឲ្យជីវភាពរស់នៅ របស់លោក ធូរធារ ជាងមុន។

លោក សយ គឹមសុង តំណាងចែកចាយសុង១ ខេត្តបាត់ដំបង បានបញ្ជាក់ថា ការយកគ្រាប់ពូជពី ក្រុមហ៊ុន អ៉ីស្ត វេស ស៊ីដ ឬព្រួញក្រហមទៅលក់បន្តឲ្យប្រជាកសិករ ដោយសារតែលោកសំឡឹងឃើញថា ក្រុមហ៊ុននេះ មានភាព ស្របច្បាប់ក្នុងការរកស៊ី និងជាក្រុមហ៊ុន ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានការទទួលស្គាល់ពី ប្រជាកសិករ រហូតដល់៩០ភាគរយ។

លោក សយ គឹមសុង ថា កសិករ មានភាពជឿជាក់ លើគ្រាប់ពូជ ដែលលក់នៅក្នុងក្រុមហ៊ុនមួយនេះ ហើយដេប៉ូ លោក គឺបានលក់ដាច់ច្រើនលើផលិតផលគ្រាប់ពូជនៃក្រុមហ៊ុនព្រួញក្រហមមួយនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន អ៉ីស្ត វេស ស៊ីដ (ខេមបូឌា) ខមភេនី លីមីធីត (East West Seed (Cambodia) Company Limited) ឬ ក្រុមហ៊ុន ព្រួយក្រហម មានបទពិសោធន៍៣៥ឆ្នាំ ក្នុងការផលិតគ្រាប់ពូជគុណភាពខ្ពស់ (ទិន្នផលច្រើន ធន់ទ្រាំ នឹងជំងឺ ឆាប់ទទួលបានផល ទំហំផ្លែស្មើគ្នាល្អ និងមិនឆាប់ខូចគុណភាព) ដើម្បីជួយ កសិករ ខ្នាតតូច នៅក្នុងតំបន់ត្រូពិក នូវការបង្កើនផលិតកម្ម និងប្រាក់ចំណូល។

ក្រុមហ៊ុន អ៉ីស្ត វេស ស៊ីដ ក៏ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន ផលិតគ្រាប់ពូជបន្លែដ៏ធំ បំផុតទាំង១០ ក្នុងពិភពលោក និងជាក្រុមហ៊ុន តែមួយគត់ ក្នុងចំណាត់ថ្នាក់កំពូលទាំង១០ ដែលមានជំនាញផ្តោត លើដំណាំបន្លែ តំបន់ត្រូពិក ហើយក៏ឈានមុខគេ ក្នុងទីផ្សារគ្រាប់ពូជបន្លែ ដែលត្រូវនឹងអាកាសធាតុតំបន់ត្រូពិក។

«ព្រួញក្រហម» ក៏បាននាំមុខគេនៅលើទីផ្សារក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ និងកំពុងពង្រីកយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសឥណ្ឌា អាហ្វ្រិក និងអាមេរិកខាងត្បូង។ មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ចំនួន១៥ មជ្ឈមណ្ឌល និងមានរោងចក្រកែច្នៃ គ្រាប់ពូជ ចំនួន១០រោងចក្រ ស្ថិតនៅ ក្នុង៧ប្រទេសផ្សេងៗគ្នា៕