(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លោក ជួន សុខរាសី ប្រធានក្រុមប្រឹក្សារជំនុំជំរះ សាលាដំបូងរាជធានូភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោសក្រុមចោរប្លន់៣នាក់ (ម្នាក់កំពុងរត់គេចខ្លួន)ដាក់ពន្ធនាគារអស់មួយជីវិត នឹងពិន័យជាប្រាក់ចំនួនប្រាំលានរៀល។ ក្នុងនោះសាលក្រមក៏បានប្រកាសចេញ ដីការស្វែងចាប់ខ្លួន បក្ខពួកម្នាក់ដែលកំពុងរត់គេចខ្លួនផងដែរ។ នេះបើតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃនេះ។

សូមបញ្ជាក់ថា អំពើ​ប្លន់​បាញ់ប្រហារ​ប្លន់​យក​ទ្រព្យសម្បត្តិ​មួយនេះ​ ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៖​១៨​នាទី ​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​លេខ​២០៧ នៅ​ចំណុច​ផ្ទះ​លេខ​១៤៨​ស្ទួន ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា ​ជនសង្ស័យទី​១-​ឈ្មោះ​ចាន់ សុវណ្ណ ហៅ អា​ប៉ែត ទី២-ឈ្មោះ​ អ៊ុំ សួស្តី ហៅអាពៅ​ក្បាល​ធំ និងជនសង្ស័យ​ទី៣-​ឈ្មោះ​ ប៉ែន រ៉ា​ម៉េ​ត ​អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ (កំពុងរត់គេចខ្លួន)។​ ប្រតិបត្តិ​ការបង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​បានដកហូត​បាន​កាំភ្លើង​វែង​មួយ​ដើម​, កាំភ្លើងខ្លី​២​ដើម​, អាយកូម​អាយ​ឌី​៣​គ្រឿង​, ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​, ស្លាក​លេខ​ម៉ូតូ​២ ​និង​វត្ថុ​តាម​មួយចំនួនទៀត។​ ជនរងគ្រោះ​មាន​គ្នា​បីនាក់​ទី​១-​ឈ្មោះ ចាន់ សុខ​ជា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​ជា​និស្សិត ស្នាក់នៅ​ផ្ទះកើតហេតុ រងរបួស​ចំ​សៀតផ្កា​១​គ្រាប់​,​ ថ្ពាល់​ស្តាំ​មួយ​គ្រាប់ ​និង​ដៃស្តាំ​មួយគ្រា​ប់ ​(​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​) ទី​២-​ឈ្មោះ ចាន់ ស្រី​ប៉ ភេទ​ស្រី​អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស ត្រូវជា​បងប្អូន​បង្កើត​ជាមួយ​ជនរងគ្រោះ (​រងរបួស​ស្រាល​)​និង​ទី​៣-​ឈ្មោះ នេ​ត សុធា​រ័ត្ន ភេទ​ស្រី​អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ​សង្កាត់​-ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​រងរបួស​ជើង​) ត្រូវជា​គូ​ដណ្ដឹង​ជាមួយ​ឈ្មោះ ចាន់ សុខ​ជា​។

នៅ​មុនពេល​កើតហេតុ ពួកគេ​ទាំងបី​នាក់​ ទើបតែ​មកពី​កម្មវិធី​មិត្ត​ភ័​ក្រ​នៅ​កោះ​ពេជ្រ ដោយ​ជិះ​រថយន្ដ​ម៉ាក ឡិច​ស៊ីស ​GS300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ 2AI-8799​។​ ​ពេលដែល​មកដល់​ខាងមុខផ្ទះ​ឈ្មោះ នេ​ត សុធា​រ័ត្ន ដែល​ត្រូវជា​គូ​ដណ្ដឹង​របស់​បងប្រុស ​បាន​ចុះ​ពី​រថយន្ដ​មក​បើកទ្វារ​ផ្ទះ ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​បីនាក់ ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ​C110 (​សង់​ប៊ិច​) ​ពណ៌​ខ្មៅ​មួយគ្រឿង និង​ម៉ាក​ឃ្លី​ក ពណ៌​ស​មួយគ្រឿង (​មិន​ចាំ​ស្លាក​លេខ​) បានមក​ឈប់​ខាងក្រោយ​រថយន្ដ ​ហើយ​មាន​ម្នា​ក់បាន​ចុះ​ពី​ម៉ូតូ​សំដៅ​មក​បងស្រី ​ដែល​កំពុងបើក​ទ្វារផ្ទះ​។​

​ពេលដែល​ឃើញ​ដូច្នេះ ​រូបគាត់​ក៏​ចុះទៅ​ជួយ​បងស្រី​ទាំង​ដៃ​កាន់​ទូរស័ព្ទ​មួយគ្រឿង​ ហើយក៏​ត្រូវ​ជនសង្ស័យ​ដណ្ដើម​យកបាន ចំណែក​បងប្រុស​ពេលដែល​ឃើញ​ជនសង្ស័យ​ប្លន់​យក​ទូរស័ព្ទដៃ​បាន ក៏​បើករថយន្ដ​​បំ​បុក​ជនសង្ស័យ ​តែ​មិនត្រូវ​បែរជា​បុក​ត្រូវ​គូ​ដណ្ដឹង​របស់ខ្លួន​ទៅវិញ ​និង​បាក់​ទ្វារផ្ទះ​ថែមទៀត ហើយ​ជនសង្ស័យ​បាន​ដក​កាំភ្លើង​បាញ់​ទម្លុះ​កញ្ចក់​រថយន្ដ​៣​គ្រាប់ ​បណ្ដាលឱ្យ​ត្រូវ​ក្បាល​ជនរងគ្រោះ​ចំនួន​ពីរ​រងរបួស​ធ្ងន់ ហើយ​ជនល្មើស​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តែម្ដង​។​

ក្រោយ​កើតហេតុ​ ជនរ​ងរ​គ្រោះ​ពីរ​នាក់ ដែល​ត្រូវជា​គូ​ដណ្ដឹង​នឹង​គ្នា ​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ អកុសល​បុរសរងគ្រោះ​បានទទួល​មរណភាព​៕​