(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យ (ក៤) បានបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងចាប់យកគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនទម្ងន់៥០.២៣ក្រាម។

លោកឧត្តមសេនីយ៍ត្រី ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំកម្លាំងបង្ក្រាបគ្រឿងញៀនករណីនេះ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ធា សុខចាន់ ភេទប្រុស និងឈ្មោះ ស្រីខួច ភេទស្រី ហើយជនសង្ស័យទាំង២នាក់នេះ ត្រូវបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ។

ការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញារង គង់ សំសារ៉េត៕