(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចលុបចោល និងដហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ និងកំពុងប្រើប្រាស់។

នៅក្នុងអនុក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី គឺសម្តៅដល់ឯកសាររដ្ឋបាលកម្ពុជា ដែលជនបរទេសកំពុងកាន់កាប់ និងប្រើប្រាស់ដោយខុសច្បាប់ ឬផ្ទុយនឹងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អនុក្រឹត្យនេះក៏បានកំណត់ដែរថា ការដហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ហើយបែបបទ និងនីតិវិធីនៃការដកហូត ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ចំណែកជនរបរទេសណា ដែលនៅតែបន្តកាន់កាប់ប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ឬបុគ្គលណាដែលឃុបឃិត លួចលាក់ ក្លែងបន្លំ ឬបន្តផ្តល់ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីឱ្យជនបរទេសកាន់កាប់ប្រើប្រាស់នោះ ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន៕