(ពោធិ៍សាត់)៖ ក្រោយចេញពីចម្ការម្រេចដ៏ខៀវខ្ចី នៅភូមិឆាយលូក ឃុំអូរសោម ក្រុមបេសកកម្ម «មែកសឺដេស និងកំណប់អាថ៌កំបាំង» បានបន្តដំណើរចុះរុករកផលិតផលទេសចរណ៍បន្តទៀត ក៏បានពើបប្រទះជាមួយចំការល្ហុងមួយដែលមានផ្លែធំៗ ហើយវែងប្លែកខុសធម្មតា តែសុទ្ធតែផ្លែល្ហុងធម្មជាតិសុទ្ធសាធធ្វើឲ្យក្រុមការងារភ្ញាក់ផ្អើល និងលាន់មាត់សរសើរគ្រប់ៗគ្នា។

ផលិតផលទេសចរណ៍ថ្មី ដែលក្រុមការងារបានរកឃើញនេះ បានធ្វើឲ្យមានការងឿងឆ្ងល់ផងដែរ ព្រោះល្ហុងទាំងអស់នេះត្រូវទុកឲ្យទុំពេញដើម ហើយជ្រុះចោលក្នុងចំការថែមទៀតផង។ ក្រុមការងារមិនអាចស្វែងរកការបញ្ជាក់នូវមូលហេតុពីម្ចាស់ចំការដែលនាំឲ្យផ្លែល្ហុងទាំងនេះត្រូវទុកពេញដើម ហើយទុំជ្រុះពេញចំការនោះទេ។

តែតាមប្រជាពលរដ្ឋនៅជុំវិញចំការបានបញ្ជាក់ថា ការដែលល្ហុងសល់ពេញដើម ហើយទុកឲ្យទុំជ្រុះចោលនេះ ដោយសារតែល្ហុងនេះគ្មានទីផ្សារ ហើយលក់បានតម្លៃថោក ទើបម្ចាស់ទុកឲ្យសល់ពេញដើម និងទុំជ្រុះបែបនេះតែម្តងទៅ។

បន្ទាប់រកឃើញចំការល្ហុងនេះហើយ ក្រុមការងារ «មែកសឺដេស និងកំណប់អាថ៌កំបាំង» ក៏បន្តដំណើរទៅរុករកតំបន់ទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗបន្តទៀត៕