(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និង លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានប្រតិកម្មយ៉ាងខ្លាំងចំពោះស្រ្តីម្នាក់ឈ្មោះ សុំ សុខា ដែលបានបង្ហោះវីដេអូ ប្រមាថដល់សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀត។ ការប្រមាថនេះ គឺជាអំពើអសីលធម៌មួយ ដែលមនុស្សគ្រប់គ្នាទទួលយកមិនបានឡើយ។

ប្រតិកម្មរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឡើងបន្ទាប់ពី ស្រ្តីឈ្មោះ សុំ សុខា ដែលកន្លងទៅ បង្ហាញវត្តមានជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានបង្ហោះវីដេអូជាថ្មីម្តងទៀត នៅលើបណ្តាញសង្គម Facebook ដោយហៅ សម្តេចតេជោ ហ៊ុន សែន ថា «អាខ្វាក់» ហើយជំរុញមិនឱ្យមានការបោះឆ្នោតនៅកម្ពុជាតទៅទៀត។

លោក សុខ ឥសាន បានលើកឡើងថា ស្រ្តីម្នាក់នេះ គឺជាមនុស្សអសីលធម៌បំផុត ហើយមានអត្តចរឹតប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ លោកថា ស្រ្តីរូបនេះ បានចងកំហឹងជាមួយរាជរដ្ឋាភិបាល ក្រោយពេលប្រព្រឹត្តកំហុស ដែលតុលាការកំពុងស្វែងរក។

ចំណែក លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ការប្រមាថ ឬហៅថា «ខ្វាក់» ចំពោះជនពិការ គឺជារឿងមួយ ដែលជនពិការទាំងអស់ មិនអាចទទួលយកបានទេ។ លោកបានថ្កោលទោសចំពោះស្រ្តីឈ្មោះ សុំ សុខា នេះ ហើយអំពាវនាវដល់ ជនពិការទាំងអស់ ពិសេសជនពិការភ្នែក និងសង្គមស៊ីវិលធ្វើការលើវិស័យពិការភាព ពិសេសអង្គការសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ចូលរួមប្រឆាំងដាច់ខាតចំពោះ ការម៉ាក់ងាយរបស់ស្ត្រីអគិត គ្មានសីលធម៌ម្នាក់នេះ។

លោកបានបន្តទៀតថា ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ហាមដាច់ខាតរាល់ការម៉ាក់ងាយ ការរើសអើង ពិសេសការប្រើពាក្យសម្តី មិនបានសមរម្យចំពោះជនពិការ បង្កប់នូវការម៉ាក់ងាយ រើសអើងយ៉ាងដូច្នេះ។

លោក ឯម ច័ន្ទមករា បានអំពាវនាវដល់អាជ្ញាធរទាំងអស់ មេត្តាចាត់វិធានការដល់ស្ត្រីរូបនេះជាដាច់ខាត ចំពោះអំពើម៉ាក់ងាយលើសម្តេចតេជា។  ការចាត់វិធានការរបស់អាជ្ញាធរ មិនត្រឹមតែជាការផ្តល់យុត្តិធម៌ជូនសម្តេចតេជោនោះទេ ប៉ុន្តែក៏ជាការផ្តល់នូវយុត្តិធម៌ដល់ជនពិការគ្រប់រូបនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ស្រ្តីឈ្មោះ សុំ សុខានេះ ធ្លាប់ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនផងដែរ ចំពោះការយកស្បែកជើងគប់ទៅលើប្រមុខរាជរដ្ឋាភិបាលប្រទេសកម្ពុជា៕