(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ នៅដើមខែហ្សុលហិចះ មូហាំម៉ាត់សាគរាជ ​ឬចន្លោះខែសីហា និង​កញ្ញា សាសនិកឥស្លាមជិត១ពាន់នាក់ តែងតែធ្វើដំណើរ ទៅប្រារព្ធពិធីបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត ខណៈឆ្នាំ២០១៧នេះ ពេលវេលានៃការចេញដំណើរក៏បានឈានមកដល់ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ គឺជាការចេញដំណើរក្បួនដំបូងគេ មានចំនួន៧៧នាក់ ដែលអញ្ជើញតាមរយៈក្រុមហ៊ុនទេសចរណ៍យូណេសធួរ ហោះហើរតាមអាកាសចរណ៍ម៉ាឡេស៊ី ហើយបន្តទៅក្រុងជុដ្ដះប្រទេសអារ៉ាប៊ីសាអូឌីត។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្នុងដំណើរវិលត្រលប់​ពីប្រទេសម៉ាឡេស៊ីវិញ លោកបាន​ជូនដំណើរដល់បងប្អូន ដែលចេញដំណើរលើជើងហោះហើរដដែល ដោយបានចែករំលែកការអបអរសាទរដល់អ្នកគ្រប់គ្នា ដែលសម្រេចបានការទទួលទិដ្ឋាការដោយជោគជ័យ ក្រោមការចំណាយថវិការផ្ទាល់ខ្លួន និងមានការខ្នះខ្នែងពីសំណាក់ក្រុមហ៊ុន ដែលមិនបង្កឲ្យមានបញ្ហាណាមួយរាំងស្ទះ ដល់ការធ្វើដំណើរនេះឡើយ។

​លោក ក៏បានកោតសរសើរដល់ រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ជាពិសេសស្ថានទូអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបាន​ខ្វាយខ្វល់ និងប្រឹងប្រែងបំពេញការងារ​សម្រួលដល់ដំណើរការ ចេញទិដ្ឋាការសម្រេចបានយ៉ាងរលូន។

​លោក អូស្មាន ហាស្សាន់ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧នេះ ចំនួនសាសនិកឥស្លាម ដែលនឹងចេញដំណើរបណ្តើរៗ ទៅប្រារព្ធពិធីបុណ្យហាជ្ជនេះ សរុប៧៤៤នាក់ ក្នុងនោះអ្នកដែលចេញដំណើរ ដោយចំណាយ​ថវិកា​ផ្ទាល់ខ្លួន តាមរយៈក្រុមហ៊ុនទេសចរណ៍ចំនួន៤ មានចំនួន៧២២នាក់ និង​អ្នកដែលជាថ្នាក់ដឹកនាំអញ្ជើញ ក្នុងនាមជាភ្ញៀវរបស់ព្រះចៅ សាល់ម៉ាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មានចំនួន២០នាក់។

* តើអ្វីទៅជាពិធីបុណ្យហាជ្ជ?

បុណ្យហាជ្ជ គឺជាពិធីបុណ្យរបស់សាសនាឥស្លាមលើសកលលោក ដែលផ្តុំគ្នានៅទឹកដីម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត ជាចំនុចកណ្តាល ឬជាផ្ចិតផែនដី ​គឺក្នុងពេលកំណត់តែមួយជារៀងរាល់ឆ្នាំ ហើយវាត្រូវបានតម្រូវឲ្យអនុវត្តបែបធម្មយាត្រាលើលំនាំតែមួយ។

​ពិធីធម្មយាត្រាហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោកាតព្វកិច្ចទាំង៥ នៃមូលដ្ឋានរបស់សាសនាឥស្លាម ​ដែលកំណត់ឲ្យអ្នកកាន់សាសនាឥស្លាម ដែលគ្រប់អាយុមានសតិគ្រប់គ្រាន់ និងលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាប់ ត្រូវអនុវត្តយ៉ាងហោចឲ្យបានម្តងក្នុងមួយជីវិត​។

យោងលើប្រសាន៍របស់ព្យាការី នៃអ្នកកាន់សាសនាឥស្លាម គឺសារវ័កមូហាំម៉ាត់ ដែលចែងថា «សាសនាឥស្លាម ត្រូវបានសាងឡើងនៅលើគ្រឹះចំនួន៥ គឺទី១៖ត្រូវស្តីជាសាក្សីទាំងវាចារ និងសុទ្ធចិត្តថា គ្មានព្រះជាម្ចាស់ណាដែលគេត្រូវសក្ការៈគោរព ក្រៅពីអល់ឡោះជាម្ចាស់ និង​មូហាំម៉ាត់ គឺសារវ័គចុងក្រោយពិតប្រាកដ ដែលនាំសេចក្តីពិតពីព្រះ, ទី២៖ត្រូវអនុវត្តន៍ការថ្វាយបង្គុំព្រះ៥ដង ក្នុងមួយថ្ងៃមួយយប់រៀងរាល់ថ្ងៃ, ទី៣៖ត្រូវមានកាតព្វកិច្ចប្រចាំឆ្នាំ ក្នុងការដកពន្ធពីកសិផល១០% ដែលធ្វើដោយទឹកភ្លៀង ឬបែបធម្មជាតិសុទ្ធសាត៥% ការប្រកបរបរកសិកម្ម ដោយបច្ចេកទេសហើយប្រើទុនធំ និងដកពន្ធពីចំណូលហិរញ្ញវត្ថុ ដែលបានមកដោយអាជីវកម្មនានា ដែលនៅសល់ប្រចាំឆ្នាំ២.៥%, ទី៤៖​បួសតមអាហារ និងទឹកលត់ដុមកាយ និងចិត្ត ក្នុងពេលថ្ងៃប្រមាណ១៤ម៉ោង ចំនួន១ខែពេញ ក្នុងខែរ៉ាម៉ាឌន និងទី៥៖​ការទៅប្រារព្ធពិធីបុណ្យហា​ជ្ជ នៅទឹកដីម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត​នេះតែម្តង»

ពិធីបុណ្យហាជ្ជ គឺជាពិធីធម្មយាត្រានៃសាសនារបស់ព្រះជាម្ចាស់ ដែលមានតាំងពីមុនសម័យកាលឥស្លាម ហើយអ្នកកាន់សាសនាឥស្លាមជឿជាក់ថា ពិធីនេះ ត្រូវបានអល់ឡោះជាម្ចាស់ បញ្ចុះឲ្យអនុវត្តតាំងពីរជ្ជកាលសាសនាបរិសុទ្ធ របស់​ព្យាការីអីប្រាហ៊ីមមកម្លេះ។ យោងតាមបន្ទូលរបស់ព្រះអល់ឡោះ ក្នុងព្រះគម្ពីរអាល់គួរអាន ជំពូក​អាល់ហាជ្ជលេខរៀង២២៖២៦ ហើយនៅខណៈដែលយើងបានបង្ហាញឲ្យអ៊ីប្រាហ៊ីម នូវទីកន្លែងពិសិដ្ឋកាក់ប៉ះ (ដើម្បីសាងសង់) ទ្រង់បានបន្ទូលថា ចូរអ្នកកុំសក្ការៈអ្វីរួមនឹង​យើងឲ្យសោះ ហើយចូរអ្នកសំអាតកាក់ប៉ះរបស់យើង សម្រាប់ពួកអ្នកតវ៉ាហ្វ (ធ្វើធម្មយាត្រាវិលជុំ៧ជុំ) និងពួកអ្នកដែលឈរ ហើយរូកុ​ស៊ូជោទ​(ការថ្វាយបង្គុំ)​។

​រដូវកាលដែលចាប់ផ្តើមអនុវត្តកាតព្វកិច្ច នៃពិធីហាជ្ជគឺផ្តើមពីថ្ងៃទី៨ ខែហ្សុលហិជ្ចះ ជាខែទី១២ នៃមូហាំម៉ាត់សាគរាជ ប្រហាក់ប្រហែលនឹងចន្លោះពីខែសីហា និង​ខែកញ្ញា​ ដែលពីពេលនេះអ្នកដែលទៅប្រារព្ធពិធីហាជ្ជ ត្រូវស្លៀកពាក់ដោយប្រើក្រណាត់សរ​ពីរ ដោយអត់មានជាប់ថ្នេរដេរអ្វីទាំងអស់ គឺ១រុំដងខ្លួនកំណាត់ខ្លួនខាងលើ ហើយ១ទៀតរុំដងខ្លួនកំណាត់ពាក់កណ្តាល់ខ្លួនចុះក្រោម រួចគេត្រូវដើរឆ្ពោះទៅវិហារពិសិដ្ឋ របស់ឥស្លាម Masjid Al Haram ដែលមានថ្មពិសិដ្ឋមួយឈ្មោះ​ កាក់ប៉ះ គឺជាចំណុចកណ្តាល ឬផ្ចិតរបស់ផែនដីដែលអ្នវិទ្យាសាស្រ្ត ក៏ទទួលស្គាល់ថាជាចំណុចផ្ចិតរបស់ផែនដី នៅកន្លែងនេះ គឺត្រូវអនុវត្តការធ្វើធម្មយាត្រាវិលជុំវិញផ្ចិតនេះចំនួន៧ជុំ ដែលក្នុងសាសនាឥស្លាមគេហៅថា (​Tawaf Al Qudum) រួមទាំងដើរធម្មយាត្រា ទៅមក៧ជុំថែមទៀត ពីរវាងភ្នំសូហ្វា (Sofa) និងភ្នំម៉ារវ៉ា (Marwa) បន្ទាប់មកទៀត គេត្រូវចេញដំណើរទៅកាន់វាលមួយ នៅជិតដែនដីម៉ាកះដដែល មានឈ្មោះថាវាល Mina ដើម្បីអនុវត្តជាកាតព្វកិច្ចនាថ្ងៃពិសេស ដែលក្នុងឥស្លាមហៅថាថ្ងៃ Terwiyah​។

ក្រោយ​មក គេត្រូវបន្តដំណើរទៅកាតព្វកិច្ចបន្ទាប់នៅឯវាល Arafah ស្នាក់នៅវាលនេះថ្ងៃទី៩ ដល់វេលាមុនថ្ងៃលិច វិលត្រឡប់មកកាន់វាល Mina វិញ ដើម្បីបំពេញកាតព្វកិច្ចចុងក្រោយ ក្នុងថ្ងៃទី១០ ជាថ្ងៃបុណ្យធំ គឺមានការអនុវត្តពិធីចោលដុំគ្រោះ ទៅលើបង្គោលទី១ ដែលអនុវត្តតាមលំនាំពីរជ្ជកាលអាប្រាហាម ដែលចោលទៅលើអារក្សហ្សៃតន់ ក្នុងនោះក៏មានពិធីកោសក់ ឬកាត់តម្រឹមឲ្យខ្លី ពិធីសំឡេះសត្វចែកសាច់ជូនជនក្រីក្រ រួចបន្តនៅទីនេះអនុវត្តក្នុងលំនាំ នៃពិធីចោលដុំគ្រោះទៅលើបង្គោលទី១ ទី២ និងទី៣ ចំនួន២ទៅ៣ថ្ងៃបន្ថែមទៀត។

​ចំណែកអ្នកកាន់សាសនាឥស្លាម ដែលនៅតាមប្រទេសនានា និយាយរួមនៅគេហដ្ឋាន ដែលមិនបានទៅបំពេញធម្មយាត្រាហាជ្ជនេះ ក៏គេប្រារព្ធពីធីសប្បាយ បែបចូលឆ្នាំថ្មីនៅថ្ងៃទី១០នេះ និងមានពិធីសំឡេះសត្វគោ ពពែ ចៀម ដែលគេហៅថា Qurban ឬAudhiya ​ដែលមានន័យស្រដៀងនឹងពិធីដង្វាយអញ្ចឹងដែរ គ្រាន់តែសត្វទាំងនោះសំឡេះ ក្នុងគោលបំណងយកសាច់ចែកជនក្រីក្របានទទួលទាន។ បន្ទាប់មកទៀតគេត្រូវត្រឡប់ទៅកាន់ វិហារពិសិដ្ឋ របស់ឥស្លាម Masjid Al Haram ដើម្បីអនុវត្តធម្មយាត្រា ជាកាតព្វកិច្ចចុងក្រោយដែលគេហៅថា Tawaf Al Wida​ គឺធ្វើដូចថ្ងៃដំបូង ផ្តើមដោយធម្មយាត្រាវិលជុំវិញផ្ចិតផែនដី កាក់ប៉ះនេះចំនួន៧ជុំ បញ្ចប់ដោយធម្មយាត្រាជុំវិញភ្នំសូហ្វា (Sofa) និងភ្នំម៉ារវ៉ា (Marwa) បន្ទាប់ពីមក គឺពិធីនេះត្រូវបានបញ្ចប់ជាស្ថាពរហើយ ហេតុនេះអ្នកដែលបំពេញបុណ្យធម្មយាត្រានេះ ក៏ពុំមានភារកិច្ចអ្វីទៀតឡើយ៕