(ភ្នំពេញ)៖ លោកឧកញ៉ា បណ្ឌិត ជា រតនា ដែលបានចាប់ដៃគូជាមួយពាណិជ្ជករបរទេសគឺ ក្រុមហ៊ុនណេសិណល ៦អេ (National 6A) តំណាងដោយលោក កំា ជីនសេង មកពីប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុន Saturn Investment Co., Ltd មកពីប្រទេសចិន បានសហការបង្កើត គម្រោងវិនិយោគមួយឈ្មោះ ឌឹផេនីនស៊ូឡាប្រាយវេទរ៉េស៊ីដេនស៍(THE PENINSULA Private Residences)ដើម្បីសាងសង់អាគារខុនដូរ ហើយបានរៀបចំពិធីសម្ភោធបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នេះ នៅត្រើយខាងកើតស្ពានជ្រោយចង្វារ នាសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកឧញ៉ា បណ្ឌិត ជា រតនា ដែលជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ស៊ីស៊ីផឹនីនស៊្យូឡឹ (CC The Peninsula) បានថ្លែងថា គម្រោងអគារខុនដូរឌឹផេនីនស៊ូឡាប្រាយវេទរ៉េស៊ីដេនស៍ (THE PENINSULA Private Residences) ដែលបានចាប់ផ្តើមបុកគ្រឹះសាងសង់នាថ្ងៃនេះ មានកំពស់២១ជាន់កន្លះ និងមានចំនួន១២៥យូនីតនៅលើផ្ទៃដីប្រមាណជាង ១៧០០មែត្រការ៉េ ដែលមានទំហំទឹកប្រាក់ នៃការវិនិយោគគម្រោងនេះ ប្រមាណ៣០លានដុល្លារអាមេរិក។

លោកឧកញ៉ា បណ្ឌិត ក៏បានបន្តទៀតថា មកដល់បច្ចុប្បន្ននេះប្រទេសកម្ពុជាយើងមានការរីកចំរើនមានការអភិវឌ្ឍន៍និងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារក្សាបាននូវស្ថេរភាពកំណើនសេដ្ឋកិច្ចជាតិប្រមាណជា៧ភាគរយហើយការវិវត្តន៏នៃតំបន់ជ្រោយចង្វារក៏បានក្លាយទៅជាតំបន់មួយមានរីកចំរើនយ៉ាងខ្លាំង មានបរិយាកាសល្អ ខ្យល់ជំនោរទន្លេរបរិសុទ្ធនិងមានសោភ័ណភាពស្រស់បំព្រងដែលធ្វើឲ្យអតិថិជនដែលមានបំណងស្នាក់នៅអាគារខុនដូរនេះនឹងទទួលបាននូវផាសុខភាពយ៉ាងល្អពិតប្រាកដ។

គួរបញ្ជាក់ផងដែលថា គម្រោងអគារខុនដូរឌឹផេនីនស៊ូឡាប្រាយវេទរ៉េស៊ីដេនស៍ (THE PENINSULA-Private Residences)នេះ គ្រោងនឹងបិទបញ្ចប់ការដ្ឋានក្នុងរយៈពេល ៣០ខែ ដោយគិតចាប់ពីថ្ងៃសម្ពោធបើកការដ្ឋានសាងសង់នេះតទៅ៕