(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៧នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ, លោកស្រី អ៊ឹម ថាវី អនុប្រធានសាខាកាកបាទក្រហមខណ្ឌពោធិសែនជ័យ និងលោក សេង គន្ធ អភិបាលរងខណ្ឌ បានពាំនាំយកអំណោយសាខាកាកបាទក្រហម ទៅចែកជូនគ្រួសារចាស់ជរាទីទាល់ក្រចំនួន១៧គ្រសារ និងស្តី្រទើបឆ្លងទន្លេចំនួន៤២គ្រួសារ ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។

លោក ហែម ដារិទ្ធិ បានថ្លែងថា ដោយមើលឃើញពីការលំបាករបស់បងប្អូន និងដោយមានការចង្អុលបង្ហាញពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់​ប្រជាពលរដ្ឋទាំងអស់ ដោយមិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារការ​អត់ឃ្លាននោះទេ។ ​ទីណា​ដែល​បងប្អូន​ជួប​នូវ​ការលំបាករងគ្រោះ​ពី​ទឹកជំនន់ ខ្យល់កន្ត្រាក់ផ្សេងៗ ទីនោះ​សម្តេច​តែង​បានផ្តល់​អំណោយមកជួយ​សង្គ្រោះ ​ដល់​បងប្អូន​គ្រប់ពេលវេលា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពណ៌​សប្បុរ ឬ​សាសនា​នោះឡើយ ​សំរាប់​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​បាន​រងគ្រោះ​ពី​គ្រោះមហន្តរាយ​ទឹកជំនន់​។​ ​

លោក ហែម ដារិទ្ធិ បានបញ្ជាក់ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តាធ្វើ​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ ក្នុងការ​ថែរក្សា​សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវប្រកាន់យក​នៅ​ចំណុច​បី​ល្អ ​គឺ​រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត​ និងឆ្លើយទេចំពោះគ្រឿងញៀន ជាពិសេគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ចប់ខ្ចួន ។

អំណោយដែលបានយកទៅចែកជូន នាឱកាសនោះរួមមាន៖ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី រួមទាំងថវិកាមួយចំនួនផងដែរ៕