(ភ្នំពេញ)៖ ​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុញ្ញាតឲ្យលោក Kang Kittaek ប្រធានការិយាល័យនគរបាលអន្តរជាតិ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧​នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងជំនួបនោះ ភាគីអន្តរជាតិបានលើកបង្ហាញជូន ​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អំពីគម្រោងសំខាន់ៗ ដែលនគរបាលអន្តរជាតិគ្រោងជួយដល់នគរបាលកម្ពុជា គឺពាក់ព័ន្ធការប្រឆាំងបទល្មើសបរិស្ថាន ដូចជាចាប់សត្វព្រៃខុសច្បាប់ និងការកាប់ព្រៃឈើខុសច្បាប់ផងដែរ​។ ពាក់ព័ន្ធនឹងគម្រោងនេះផងដែរ ភាគីនគរបាលអន្តរជាតិ ដែលមានបំណងចង់ជួយនគរបាលជាតិកម្ពុជា ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាល ក៏ដូចជាការចែករំលែកបទពិសោធន៍ផងដែរ​។

​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានបង្ហាញនូវការគាំទ្រ ក្នុងការជួយរបស់នគរបាលអន្តរជាតិ ក៏ដូចជាការបង្ហាញនូវការគាំទ្រ នូវកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលអន្តរជាតិ នៅពេលអនាគតផងដែរ​ ហើយលើសពីនេះទៀត​ អគ្គស្នងការនគរបាលជាតិ ក៏បានសំណូមពរដល់ភាគីនគរបាលអន្តរជាតិ ជួយដល់ការបណ្តុះបណ្តាលផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការចែករំលែកព័ត៌មាននានា ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យាផងដែរ ដោយសារតែបទល្មើសបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជាមានលក្ខណៈថ្មី ក៏ដូចជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ របស់នគរបាលជាតិកម្ពុជា ក៏ជានាយកដ្ឋានដែលទើប នឹងបង្កើតថ្មីផងដែរ​។

ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីនគរបាលអន្តរជាតិ ក៏បានបង្ហាញនូវការគាំទ្រ ក្នុងការជួយដល់នគរបាលជាតិកម្ពុជា ទៅលើការបណ្តុះបណ្តាល ផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យានេះផងដែរ​។ ​ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាទស្សនៈនានាពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ពិភពលោក ពាក់ព័ន្ធទៅនឹងការប្រឆាំងបទលើ្មសឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសនានា ដែលកំពុងតែកើតឡើងនៅលើសាកលលោកផងដែរ​។

​ភាគីនគរបាលអន្តរជាតិ ក៏មានបំណងចង់រៀបចំពិធីជំនួបទ្វេរភាគីមួយរវាង ​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជាមួយ​លោកអគ្គលេខានគរបាលអន្តរជាតិ នៅពេលដែលប្រតិភូទាំងពី​រ ទៅចូលរួមធ្វើសន្និសីទអាស៊ានណាប៉ូល ដែលប្រព្រឹត្តិឡើងនៅខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរីផងដែរ​៕