(ភ្នំពេញ)៖ ប្រទេសកម្ពុជាដែលត្រូវបានធនាគារអភិវឌ្ឍន៍អាស៉ី (ADB) ផ្តល់រហស្សនាមថា ជា «កូនខ្លាអាស៉ី», នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ធនាគារពិភពលោក (World Bank) បានចេញមកអះអាងតាមសេចក្តីប្រកាសថា ប្រទេសកម្ពុជា គឺជាប្រទេសជាប់ចំណាត់ថ្នាក់ទី៦ ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ច លំដាប់ខ្ពស់ជាងគេបំផុតក្នុងលោក។ (សូមអានសេចក្តីប្រកាសខាងក្រោម)

របាយការណ៍ថ្មីមួយ របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសកម្ពុជាមានកំណើន ក្នុងអត្រាជាមធ្យម៧.៦% ពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១៥ ដែលកំណើននេះបានធ្វើឲ្យកម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនលំដាប់ខ្ពស់ជាងគេបំផុត ក្នុងលោក គឺមានចំណាត់ថ្នាក់ទី៦ ក្នុងពិភពលោកក្នុងន័យនៃកំណើនសេដ្ឋកិច្ច ដែលវាបានជួយបន្ថយអត្រាភាពក្រីក្រយ៉ាងធំ គឺពី៤៧.៨ភាគរយក្នុងឆ្នាំ២០០៧ ដល់១៣.៥%ក្នុងឆ្នាំ២០១៤»

លោក ហែម វណ្ឌឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាន របស់ធនាគារពិភពលោកថា «កម្ពុជាបាននិងកំពុងខិតខំ បំពេញការងារយ៉ាងសកម្ម ដើម្បីជួយប្រជាពលរដ្ឋឲ្យចាកចេញពីភាពក្រីក្រ ហើយយើងប្តេជ្ញាបន្តធ្វើឲ្យមានកំណើនប្រកបដោយ បិរយាប័ន្ននៅទូទាំងប្រទេសកម្ពុជា។ យើងនៅបន្តប្តេជ្ញាបើកទូលាយក្នុងវិស័យជំនួញ និងវិនិយោគទុន ហើយក៏សូមអរគុណចំពោះ សហគមន៍អន្តរជាតិ សម្រាប់ការបន្តគាំទ្រ និងការជឿជាក់របស់ខ្លួន លើភាពរឹងមាំ និងភាពរីកចំរើនរបស់កម្ពុជា»

លោកស្រី អ៉ីហ្គោណា ដូប្រាចា នាយិការគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា «ជាង២ទស្សវត្សរ៍កន្លងមកនេះ ការសម្រេចបានរបស់កម្ពុជា ក្នុងកំណើនសេដ្ឋកិច្ច និងការប្រសើរឡើង នៃការរស់នៅរបស់ប្រជាជន គឺជាការដ៏គួរឲ្យកត់សម្គាល់។ ការប្រឈមនានា នឹងកើតមាននាពេលខាងមុខ ដោយសារកម្ពុជាមានបំណងប្រាថ្នាចង់ បានការប្រកួតប្រជែងសេដ្ឋកិច្ចខ្លាំងជាងមុន ការបង្កើនផលិតភាពផលិត ការកសាងស្ថាប័នរឹងមាំនិងមានប្រសិទ្ធភាព និងការពង្រឹងឱកាសសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប»។

របាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់ថា ដើម្បីរក្សាបានកំណើនដ៏រឹងមាំនោះ កម្ពុជាផ្តោតវិស័យអាទិភាពចំនួន៣ សម្រាប់ផលប្រយោជន៍ទាំងអស់គ្នាគឺ៖

១៖ ការបង្កើនភាពប្រកួតប្រជែង និងពិពិធកម្មផ្នែកសេដ្ឋកិច្ច ដើម្បីធានាបាននូវកំណើនខ្ពស់ និងបង្កើតការងារ និងការងារប្រសើរៗជាងមុន ដោយកាត់បន្ថយចំណាយ នៃការបង្កើន និងដំណើរការអាជីវកម្ម និងការជំរុញវិនិយោគសាធារណៈ និងឯកជន។

២៖ កសាងទុនមនុស្ស ដោយការវិនិយោគលើការអភិវឌ្ឍដំបូងនៃកុមារ ជំរុញគុណភាពនៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា និងការគាំពារគ្រួសារនៅពេលដែលជួបវិបត្តិ។

៣៖ រក្សានិងអភិវឌ្ឍន៍ធនធានធម្មជាតិ ដោយវិនិយោគលើធនធានធម្មជាតិ និងលើកកម្ពស់ស្ថិរភាព និងបរិយាប័ន្ននៃទីក្រុងនានា រួមទាំងពង្រឹងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ៕