(កណ្តាល)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកុងតឺន័របុកចូលផ្ទះអ្នកលក់ដូរ នៅតាមផ្លូវជាតិលេខ១ នៅម្តុំផ្សារគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឲ្យមនុស្សចំនួន៧នាក់រងរបួសធ្ងន់ស្រាល ខណៈផ្ទះ១ខ្នង ខូចខាតស្ទើរទាំងស្រុង និង២ខ្នងទៀត ខូចខាតបន្តិចបន្តួច ព្រមទាំងខូចខាតសម្ភារមួយចំនួនធំ។

តាមសម្តីរបស់សាក្សីនៅកន្លែងកើតហេតុ បានថ្លែងប្រាប់ភ្នាក់ងារ Fresh Nesw បានឱ្យដឹងថា នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ មុនពេលកើតហេតុ គេឃើញមានរថយន្ដកុងតឺន័រ របស់ក្រុមហ៊ុន «ផែស្ងួតតិច​ស្រ៊ុន» មួយគ្រឿងបើកបរពីភ្នំពេញ ទៅអ្នកលឿងខេត្តព្រៃវែង ប្រហែលតៃកុងឡានងងុយដេកក៏រេចង្កូតបុកចូលផ្ទះ របស់ប្រជាពលរដ្ឋដែលលក់ដូរនៅតាមដងផ្លូវ តែម្តង។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត និងរថយន្តត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ រួចនាំខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕