(​សៀមរាប​)​៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញប្រកាសឲ្យចូលកាន់​តំណែង​ជាផ្លូវការ របស់លោកស្រី ម៉ននី រង្សី ជាអភិបាលស្រុកក្រឡាញ់។​

​នេះ​គឺជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ស្រុកក្រឡាញ់ នៃខេត្តសៀមរាប ដែលសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា បានតែងតាំងមន្រ្តីរាជការ ជាស្រ្តីមួយរូបជាអភិបាល​ស្រុក ដែលការតែងតាំងមុខតំណែងនេះសក្ដិសមនឹងមនសិការវិជ្ជាជីវៈ ស្មារតីស្នេហាជាតិពិតៗ ព្រមទាំងការខិតខំប្រឹងប្រែង យ៉ាងស្វិតស្វាញក្នុងការបម្រើប្រជាពលររដ្ឋ និងជាតិមាតុភូ​មិ នាពេលកន្លងមក។

​លោក ឃឹម ប៊ុន​សុង ​ក៏បានណែនាំដល់ លោកស្រី​អភិបាល​ស្រុកក្រ​ឡា​ញ់ដែលទើប តែង​តាំង​​​ថ្មី​ ​​រួម​ទាំង​ក្រុម​ប្រឹក្សា គណៈអភិបាលស្រុក ​មន្រ្តីរាជការ កងកម្លាំង​ប្រដាប់​​អាវុធ​ និង​កម្លាំង​មាន​សមត្ថកិច្ចគ្រប់​លំដាប់​ថ្នាក់​ នៃស្រុកក្រឡាញ់ ​ត្រូវរួម​សហការ​​​​​គ្នាអនុវត្ត​​​​ការងារ​សំខាន់ៗ​ ជា​អាទិភាព រួមមាន​៖

*ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ​​ឲ្យបានល្អប្រសើរ​។
​*បន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ទូទាំង​ស្រុកក្រឡាញ់ ដោយ​ជម្រុញការ​​ផ្សព្វ​ផ្សា​​យ​​នូវ លក្ខណៈសម្បត្តិ​ទាំង០៩ ​នៃ​​​​​គោល​នយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យបាន​​សស្រាក់​​​​​​​​​សស្រាំ​​ទូទាំង​ស្រុកក្រឡាញ់​។
​*មន្រ្តីអនុវត្ត​ច្បាប់​​​ទាំង​អស់ ​​​​​ត្រូវ​ខិត​ខំ​លើក​កម្ពស់​សមត្ថភាព​ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវ​មាន​​​ភាព​ស្អាតស្អំ និង​​ខិតខំ​បម្រើ​ប្រជាពល​រដ្ឋ​ដោយ ស្មោះត្រង់ និងស្មើភាព។
​*ត្រូវបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់​វិស័យ និងខិត​ខំ​លើក​​កម្ពស់ជីវភាពរស់នៅ​របស់​ប្រជាជន តាមរយៈ​​ការផ្តល់សេវាសាធារណៈ និង​ជំរុញកិច្ច​អភិវឌ្ឍ​​​​​​​មូល​ដ្ឋាន ព្រមទាំងខិត​ខំ​សម្រប​សម្រួលដោះ​ស្រាយបញ្ហាប្រឈមនា​នា ដែលនៅសេសសល់ ​សំដៅ​រួម​គ្នា​ធា​នា​​ឲ្យបាននូវប្រក្រតីភាព នៃការងារគ្រប់វិស័យ​ទូទាំង​​ស្រុក​​​។
​*បន្តជំរុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល​​​ឲ្យ​ ​​​ដោយឡែក​​ចំពោះកំណែ​ទម្រង់​វិមជ្ឈការ ​​​និងវិសហមជ្ឈការ ក្រុមប្រឹក្សា គណៈអភិបាលស្រុកក្រឡាញ់ មន្រ្តី​​​​​​ជំនាញ​នានា​​ មន្រ្តី​សាលាស្រុក ក្រុមប្រឹក្សាឃុំ ទីប្រឹក្សា និងមន្រ្តីជំនួយ​ការ​នា​នា ​​​​ត្រូវចូល​រួម​​អនុវត្ត​ឲ្យ​បាន​សម្រេច​នូវផែនការសកម្មភាព និងថវិការប​ស់ ផ.អ.៣ នៃខេត្ត​​សៀមរាប​។
​*ត្រូវបន្តចូលរួមអនុវត្តបទបញ្ជានានា របស់រាជរដ្ឋាភិបាល ពិសេសបទល្មើសព្រៃឈើ និងបទល្មើស​ក្នុងដែន​ឡូត៍​នេសាទ​​ ដកហូ​តការទទ្រ្ទានយកដែនព្រៃលិចទឹក៕