(សៀមរាប)៖ នាទីស្នាក់ការសាខាកាកបាទក្រហ​មកម្ពុជា​ ខេត្តសៀមរាប​ នៅព្រឹកថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០១៧នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី២​ រួមមានគ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកា​​ ជូនដល់គ្រួសារជនពិការចំនួន​ ២៧០គ្រួសារ​ នៃសមាគមជនពិការអង្គរ​ ដែលមានទីតាំងស្ថិតនៅ ភូមិខ្នារ​ សង្កាត់ជ្រាវ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

ក្នុងពិធីសំណេះសំណាល​នោះ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់​ និងកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ជនពិការទាំងអស់​ នៃសមាគមជនពិការអង្គរ​ ដែល​ "ពិការតែកាយ​ តែមិនពិការចិត្ត"​ បានខិតខំអភិវឌ្ឍសមត្ថភាព​ ជំនាញ​វិជ្ជាជីវៈ​ កសាងមុខរបរដោយសុច្ចរិត​ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវភាពរស់នៅ​ ឱ្យបានស្មើមុខស្មើមាត់ដូចមនុស្សដទៃទៀតដែរ។

សមាគមជាតិកាកបាទក្រហមកម្ពុជា​ គឺជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌​ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងគិតគូរ យកចិត្តទុកដាក់អនុវត្ត នូវគោលនយោបាយលើកកម្ពស់ជនពិការ​ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ​ និងផ្តល់ឱកាសដល់ជនពិការឲ្យមានលទ្ធភាពចូលរួមក្នុងកិច្ចការសង្គម​ ដើម្បីអភិវឌ្ឍប្រទេសជាតិដែលមានសុខសន្តិភាព​ ស្ថិរភាពមួយនេះ​ ឱ្យបានកាន់តែរីកចម្រើនឥតឈប់ឈរ។

ដើម្បីឆ្លើយតបទៅនឹងអំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ លោក​ សេម​ សុវន្ថា​ ប្រធានសមាគមជនពិការអង្គរ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជាប្រចាំជួយដល់ជនពិការទាំងអស់​ ដែលជាជនងាយរងគ្រោះបំផុត​ ដែលត្រូវការអំណោយមនុស្សធម៌ទាំងនេះជាចាំបាច់ក្នុងការជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយរយៈពេលដែរ។

សូមបញ្ជាក់ថា​​ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនសមាគមជនពិការអង្គរ រួមមាន​ ៖​ អង្ករ​ ៥០០គីឡូក្រាម​ មីយើង​ ១០កេស​ ត្រីខ​ ១កេស​ ទឹកក្រូច​ ១០កេស​ ទឹកសុទ្ធ​ ១០កេស​ ទឹកត្រី​ ៣៦ដប​ ទឹកស៊ីអ៊ីវ​ ៣៦ដប​ ប្រេងឆា​ ១២ដប​ រទេះជនពិការ​ ១០គ្រឿង​ និងថវិកា​ ៤លានរៀល​។ ដោយឡែក​ សម្រាប់ ជនពិការទាំង​ ២៧០នាក់​ ក្នុងម្នាក់ៗ​ទទួលបាន​ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​១​ ក្រមា​១​ និងថវិកា​ ៥ម៉ឺនរៀល។

បន្ទាប់មក លោកស្រី អគ្គលេខាធិការរងទី​ ១​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប​ បានបន្តដំណើរចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូន​ដល់ គ្រួសារចាស់ជរា​ ជនពិការក្រីក្រ​ ចំនួន​ ៩គ្រួសារ​ ទៀត រស់នៅភូមិមណ្ឌល៣​ សង្កាត់ស្លរក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ផងដែរ៕