(ភ្នំពេញ)៖ បន្ទាប់ពីមានព័ត៌មានបែកធ្លាយជុំវិញករណី វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា NDI ជួយរៀបចំយុទ្ធសាស្រ្តឲ្យគណបក្សប្រឆាំង ដើម្បីផ្តួលរំលំ គណបក្សកាន់អំណាច, នៅវេលាថ្ងៃត្រង់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហ៊ុយ វណ្ណៈ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា តាំងពីដើមរៀងមក វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា NDI ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយនេះ មិនដែលចុះបញ្ជី នៅក្រសួងមហាផ្ទៃនោះទេ។

លោក ហ៊ុយ វណ្ណៈ បានថ្លែងយ៉ាងដូច្នេះថា៖ «បន្ទាប់ពីបានពិនិត្យយ៉ាងហ្មត់ចត់ គឺអង្គការ NDI មិនបានចុះបញ្ជីតាមផ្លូវច្បាប់នៅក្រសួងមហាផ្ទៃទេតាំងពីដើមមក រហូតមកទល់ពេលនេះ»

ការប្រកាសឲ្យដឹងពីសំណាក់មន្រ្តីក្រសួងមហាផ្ទៃនៅពេលនេះ ធ្វើឡើងបន្ទាប់ពីកាលយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ម្សិលមិញនេះ បណ្តាញទំនាក់ទំនងសង្គម Facebook មួយឈ្មោះកូនខ្មែរបានទម្លាយនូវឯកសារបណ្តុះបណ្តាលរបស់ NDI (វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា) រៀបចំសម្រាប់ CNRP នៅខែមិនា ឆ្នាំ២០១៧ ដែលបង្ហាញយ៉ាងច្បាស់ពីគម្រោងផែនការទុច្ចរិត ដែលអង្គការក្រៅរដ្ឋាភិបាលមួយនេះ រៀបចំយុទ្ធសាស្ត្រ និងល្បិចកលសម្រាប់ជួយ CNRP ដើម្បីដណ្តើមប្រៀបឈ្នះលើបក្សប្រជាជនកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន៕